មហាជនភាគច្រើន ពិតជាបានជ្រាបរួចមកហើយថា កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេឃើញ លោកជំទាវ ដេត ម៉ាលីណា ដែលត្រូវជា ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ក្តែងៗថា រូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។
លោកជំទាវ បានភ្ជាប់សារខ្លីមួយថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។
ក្រោយៗមក ឧកញ៉ា ឌួង ឆាយ ក៏មិនបាននិយាយអ្វីទំាងអស់ពីបញ្ហានេះ ព្រមទំាងបានធ្វើជាប៉ាៗដ៏ល្អ មកលេងកូនៗទំាង៣របស់ខ្លួន ប្រកបដោយក្តីនឹករលឹក និងស្រឡាញ់ គ្រប់ៗគ្នា មើលហើយ ពិតជារំភើបជំនួស។
ចំណែកនៅថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២១ ម្សិលមិញនេះ ស្រាប់តែ លោកជំទាវ ដេត ម៉ាលីណា បានព្រលែងអណ្តើក និង ត្រី ព្រមទំាងបានកាត់សក់ពាក់កណ្តាល ព្រមទំាងប្រាប់ឲ្យដឹងយ៉ាងច្បាស់នូវរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ថា ៖
“3 មករា 2021 ឆ្នាំថ្មី កាត់សក់ពាក់កណ្តាល បន្ទាប់ក៏បានព្រលែងអណ្តើក និង ត្រី ដើម្បីបន់ស្រន់អោយឧបទ្រប់ចង្រៃ កម្មពារទាំងឡាយ ដែលខ្ញុំជួបកន្លងមក អោយចប់ដោយសន្តិវិធី។
ចាប់ពីថ្ងៃស្អែកតទៅ បើការបន់ស្រន់ និងក្តីសង្ឃឹមមេត្តាធម៌របស់ខ្ញុំមិនតបត និងអត់អោនរាល់គ្រប់ទង្វើរអាក្រក់ទាំងឡាយ ដែលកើតលើរូបខ្ញុំ បើមិនចប់ ស្អែកនេះ នាងខ្ញុំនឹងអស់ភាពអត់ធ្មត់មេត្តាធម៌ទៀតហើយ។
ធ្វើអាក្រក់បានអាក្រក់ ខ្ញុំជឿជាក់ថា ទេវតាមានព្រះនេត្រ ហើយចុងបញ្ចប់ ខ្ញុំសូមសង្ខេប សូមបងប្អូនពូមីង ឈប់បន្តនិយាយវ៉ៃប្រហារផ្លូវចិត្តរូបខ្ញុំទៀត។ វីឌីអូដែលខ្ញុំឡាយបកស្រាយចុងក្រោយ គឺគ្រាន់តែចង់បញ្ចប់ដោយសន្តិវិធីតែប៉ុណ្ណោះ។
ក៏ព្រោះខ្ញុំក៏ជាមនុស្សដែលបងប្អូនពូមីងស្គាល់ដែរ គ្មានអ្នកណាចង់បង្ហាញរឿងគ្រួសារអោយគេដឹងនោះទេ ប៉ុន្តែវាមានអាថ៌កំបាំងជ្រាលជ្រៅ នៅក្នុងនោះ គ្មានអ្នកណាដឹងក្រៅពីខ្លួនខ្ញុំទេ ហើយក៏គ្មានអ្នកណា ចង់បែកបាក់គ្រួសារដែរ បើខ្ញុំមិនអាណិតកូនៗ ក៏ខ្ញុំមិនទ្រាំដល់រយៈពេល13 ឆ្នាំ នោះដែរ”៕