អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសឥណ្ឌូណេស៊ីបានចាប់ខ្លួនមេដឹកនាំនៃបណ្តាញសកម្មប្រយុទ្ធក្រុម Jemaah Islamiyah (JI) ដែលជាប់ទាក់ទងនឹងពួកអាល់កៃដា ដោយសង្ស័យថាបានជ្រើសរើសសមាជិកថ្មី និងបញ្ជូនពួកគេទៅប្រទេសស៊ីរីដើម្បីហ្វឹកហាត់ជាមួយក្រុមជ្រុលនិយម។
ប៉ូលិសប្រឆាំងភេរវកម្មក៏បានចាប់ខ្លួនជនសង្ស័យ ៤ នាក់ផ្សេងទៀតដែលមានទំនាក់ទំនងជាមួយលោក Para Wijayanto ដែលអ្នកជំនាញនិយាយថាជាសិស្សរបស់លោក Abu Bakar Basyir ដែលត្រូវបានចោទប្រកាន់ថាជាមេគំនិតនៃការបំផ្ទុះគ្រាប់បែកនៅកោះបាលីឆ្នាំ ២០០២ ដែលសម្លាប់មនុស្សជាង ២០០ នាក់។
លោក Wijayanto ដែលបានរត់គេចខ្លួនចាប់តាំងពីឆ្នាំ ២០០៣ និងបានទទួលការហ្វឹកហ្វឺនជាមួយពួកសកម្មប្រយុទ្ធនៅភាគខាងត្បូងប្រទេសហ្វីលីពីនត្រូវបានគេចាប់ខ្លួនជាមួយនឹងប្រពន្ធរបស់គាត់កាលពីថ្ងៃសៅរ៍នៅជាយក្រុងរដ្ឋធានីហ្សាកាតា។
អ្នកនាំពាក្យប៉ូលីសជាតិលោក Dedi Prasetyo បានប្រាប់រ៉យទ័រថា “ក្រុម Jemaah Islamiyah (JI) នៅតែជាការគំរាមកំហែងមួយ ពីព្រោះយុទ្ធសាស្ត្រដ៏ធំរបស់ពួកគេគឺនៅតែបង្កើតឲ្យមានការិយាល័យព្រះចៅកាលីហ្វ”។
កងឯកភាពប្រឆាំងភេរវកម្មត្រូវបានគេស្គាល់ថា Densus 88 របស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានបង្កើតឡើងបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនៅកោះបាលីឆ្នាំ ២០០២ ក្នុងការកម្ចាត់ក្រុម JI និងក្រុមប្រហាក់ប្រហែលគ្នានៅក្នុងប្រទេសភាគច្រើនដែលមានប្រជាជនមូស្លីមធំជាងគេបំផុតលើពិភពលោក។
កងកម្លាំងសន្តិសុខត្រូវបានគេមើលឃើញថាទទួលបានជោគជ័យក្នុងការកម្ទេចបណ្តាញសកម្មប្រយុទ្ធ បន្ទាប់ពីបុគ្គលសំខាន់ៗដូចជា លោក Basyir ត្រូវបានប្រមូលផ្ដុំ និងដាក់គុក ប៉ុន្តែពួកគេជាច្រើនបានស្ថិតនៅក្រោមដី។
លោក Stanislaus Riyanta អ្នកវិភាគភេរវកម្មដែលមានមូលដ្ឋាននៅក្រុងហ្សាកាតាបាននិយាយថា “នៅតែមានសមាជិក JI ជាច្រើន ហើយបន្ទាប់ពីការដួលរលំនៃលោក Osama bin Laden ពួកគេបានក្លាយជាកោសិកាជាច្រើន”។ លោកបន្តថា “ការដួលរលំនៃរដ្ឋឥស្លាមអាចនឹងបន្សល់ទុកនូវគម្លាតសម្រាប់ឲ្យក្រុម JI កើតឡើងជាថ្មីម្តងទៀត”។
ប្រទេសឥណ្ឌូនេស៊ីបានព្យាយាមរឹតបន្តឹងច្បាប់ប្រឆាំងភេរវកម្មរបស់ខ្លួនបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើនបានសម្លាប់មនុស្សជាង ៣០ នាក់នៅទីក្រុង Surabaya ខេត្ត East Java កាលពីឆ្នាំមុន ខណៈដែលមនុស្សរាប់រយនាក់ត្រូវបានចាប់ខ្លួនក្រោមច្បាប់ថ្មីចាប់តាំងពីដើមឆ្នាំ ២០១៩៕