សម្រាប់ខែវិច្ឆិកានេះ តារាស្រីប្រុសបីដួង បានសម្រេចចិត្តបញ្ចប់ភាពនៅលីវហើយអ្វីដែល ចាប់អារម្មណ៍ នោះគឺពួកសម្រេចចិត្តរៀបការនៅថ្ងៃបន្តបន្ទាប់គ្នាគឺថ្ងៃទី ២៧ ២៨ និង ២៩ ខាងមុខនេះ។ ចង់ដឹងថា តើតារាទាំងបីរូបនេះជានរណា សូមតាមដានទាំងអស់គ្នា។
១. តារាសម្តែង និង ពិធីការិនីរូបស្រស់ កែវ សីហា បានសម្រេចិត្តបញ្ចប់ភាពនៅលីវ ទាំងកំពុងតែមានប្រជាប្រិយភាព នៅក្នុងខែ វិច្ឆិកានេះ ដែលធ្វើឱ្យបុរសមិនតិចទេសោកស្តាយ។ បើតាមគម្រោង កែវ សីហា គ្រោងរៀបការ នៅថ្ងៃទី ២៧ នៅឌឺព្រីមៀសែនសុខ យ៉ាងអធិកអធម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ អនាគតស្វាមីរបស់នាង ជាវេជ្ជបណ្ឌិតដែលមានរូបរាងស្រស់សង្ហាផងដែរ។ មុនសម្រេចចិត្តរៀបការ កែវ សីហា និងគូដណ្តឹង បានស្វែងយល់ចិត្តថ្លើមគ្នាជាច្រើនឆ្នាំមកហើយ។
២. ងាកមកតារាសម្តែង ប៉ែន ចំរ៉ុង ក៏បានសម្រេចចិត្តដឹកដៃអនាគតភរិយា ជាកូនអ្នកបាត់ដំបងចូលរោងជ័យ នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកា នេះ នៅឌឺព្រីមៀនសែនសុខអាគារ B ដោយគ្រោងនឹងអញ្ជើញភ្ញៀវ ប្រមាណជាង៦០តុ។ យ៉ាងណាមិញ ក្រោយរៀបការលោក ប៉ែន ចំរ៉ុង នៅតែបន្តការងារសិល្បៈដដែល គ្រាន់តែលោកបន្ថែមអាជីពជំនួញមួយបន្ថែមទៀត។
៣. ចំណែកឯតារាចម្រៀង សួស វីសា ក៏នឹងត្រៀមខ្លួនធ្វើជាកូនក្រមុំដ៏ស្រស់ស្អាតរបស់លោក ថមមី នៅក្នុងថ្ងៃទី ២៩ វិច្ឆិកា ដែលមានការបង្ហើបថាពិធីរៀបការរបស់ម្ចាស់បទ បុប្ជាស្វាយរៀងរូបនេះ គ្រោងនឹងរៀបចំអធិកអធមចូលរួម យ៉ាងច្រើនផងដែរ។ ក្នុងនោះនាងទទួលថ្លៃបណ្ណាការពីសំណាក់អនាគតស្វាមីរហូតដល់ទៅ ៤៤,៤៤៤ ដុល្លារ។ មុនរៀបការ សួស វីសា និងអនាគតស្វាមី ក៏បានរៀបចំពិធីលាភាពនៅលីវយ៉ាងរ៉ូមែនទិក កាលពីថ្ងៃទី ០២ កន្លងទៅ ដោយមានការចូលរួមពីសំណាក់មិត្តភក្តិមួយចំនួន។ មុនរៀបការគូស្នេហ៍អ្នកសិល្បៈមួយគូនេះ ក៏បានបើកហាងរួមគ្នាមួយនៅម្តុំផ្សារម៉ាក្រូទៀតផង៕