ចាប់តាំងពីថ្ងៃសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ប្រកាសដំណឹងពីការទិញវ៉ាក់សាំងកូវីដ ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃនេះ សង្កេតឃើញថា មានបណ្ដាសប្បុរសជនជាច្រើន មានគ្រប់ស្រទាប់វណ្ណៈចាប់ពីមន្ត្រីជាន់ខ្ពស់ អ្នកមុខអ្នកការ អ្នកឧកញ៉ា លោកឧកញ៉ា បរិច្ចាគថវិកាភ្លូកទឹក ភ្លូកដី ដើម្បីចូលរួមចំណែកជាមួយប្រមុខរដ្ឋាភិបាល បង្ហាញពីសាមគ្គីភាពគ្នាក្នុងនាមខ្មែរតែមួយ ។
បណ្ដាសារព័ត៌មានស្ទើរទាំងអស់នៅក្នុងប្រទេសកម្ពុជា តែងធ្វើការចុះផ្សាយអំពីចំនួនទឹកប្រាក់ពីបណ្ដាសប្បុរសជនទាំងអស់ ពិសេសអ្នកឧកញ៉ាល្បីៗនៅក្នុងប្រទេស ។ ដោយឡែកមហាជនហាក់មិនបានឃើញពីការប្រកាសឈ្មោះឯកឧត្ដមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ដែលគេស្គាល់ច្បាស់ថាជាមហាសេដ្ឋីកសិឧស្សាហកម្មដ៏ល្បីល្បាញមួយរូប មានក្រុមបុត្រសម្ព័ន្ធរាប់មិនអស់ ។ ក្នុងនោះមហាជនចង់ដឹងថា តើលោកឧកញ៉ាបានបរិច្ចាគហើយឬនៅ?
ទាក់ទងនឹងកការបរិច្ចាគនេះ ឃើញមានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកម្នាក់ ចូលទៅ Comment ក្នុងទំព័រហ្វេសប៊ុកផេករបស់លោកឧកញ៉ាផ្ទាល់ យ៉ាងដូច្នេះថា៖ «ហេតុអ្វីលោកឧញ៉ា មិនទាន់ឃើញបរិច្ចាគលុយជូនទៅសម្តេច ទិញវ៉ាក់សាំងអ៊ីចឹង ឧញ៉ាធំៗលំដាប់ស្រុកខ្មែរចូលអស់ហើយ លោកតាធ្វើបុណ្យច្រើនណាស់ខ្ញុំយល់ពីលោកតា លោកតាជួយបង្កើតការងារច្រើនដល់ប្រជាពលរដ្ឋតាមតំបន់នីមួយៗរួចហើយ ទោះមិនបរិច្ចាគក៏ពុំជាបញ្ហាអ្វីដែរ» ។
ភ្លាមនោះ ស្រាប់តែលោកឧកញ៉ា ម៉ុង ឫទ្ធី បានតបវិញថា៖ «ខ្ញុំបានបរិច្ចាគរួចរាល់ហើយតែមិនប្រកាស់ អរគុណច្រើនខ្លាំងណាស់ ចំពោះការរំលឹកនេះ» ។
ដូច្នេះមានន័យថា លោកឧកញ៉ា ម៉ុង ឫទ្ធី បានបរិច្ចាគរួចហើយ ប៉ុន្តែគ្រាន់តែសេដ្ឋីចិត្តធម៌រូបនេះ មិនចង់ប្រកាសតែប៉ុណ្ណោះ ៕