ទីបំផុតនាយ ពាក់មី បានហៅ តួស្រីនិងតួប្រុសទាំង២នាក់ មកនិយាយតទល់គ្នា ដើម្បីបញ្ចប់រឿង

មួយរយៈពេលខ្លីនេះ MV ក្នុងបទចម្រៀង “សង្សារក៏ផិត មិត្ដក៏ក្បត់” បានកំពុងយកមកជជែកវែកញែកជាខ្លាំង ដោយនៅក្នុងនោះដែរមានកញ្ញា Rose ជាតួអង្គស្រី បានលើកឡើងថា៖”ចំពោះវីដេអូឃ្លីប ដែលបានបែកធ្លាយនោះ ចំពោះការថើបគ្នារវាងខ្ញុំ និងតួប្រុសគឺជាចេតនារបស់តួអង្គប្រុសនេះ ដែលបានលួចថត ដោយមិនមានសុំការអនុញ្ញាតពីរូបនាងខ្ញុំ ហើយក៏បានផ្ញើរវីដេអូនេះ តទៅកាន់គ្រុបរបស់គាត់ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក”។ ទន្ទឹមនឹងនេះដែរ កញ្ញា Rose ក៏បានបង្ហោះសារ និងដាក់ពាក្យបណ្ដឹង ដើម្បីប្ដឹងទៅកាន់តួអង្គប្រុស លោក យុទ្ធ ឋានៈ ដោយបានបំពានលើរូបរាងកាយរបស់នាង នៅពេលដែលនាងកំពុងផ្លាស់សម្លៀកបំពាក់ថែមទៀតផង។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោក យុទ្ធ ឋានៈ ក៏បានចេញមុខធ្វើការបកស្រាយម្ដងរួចមកហើយ ជុំវិញទៅរឿងខាងលើនេះ ដែលគ្រប់ឈុកឆាក និងរាល់សកម្មភាពទាំងអស់នោះ គឺរូបលោកធ្វើតាមអ្នកដឹកនាំសម្ដែង ដែលតម្រូវឲ្យរូបលោកធ្វើតែប៉ុណ្ណោះ ហើយចំពោះវីដេអូបែកធ្លាយ អោបថើបវិញនោះ គឺរូបលោកបានស៊ែរចេញឆានែល យូធូប របស់ផលិតកម្ម P តែប៉ុណ្ណោះ។ ក្នុងនោះដែរ លោក ឋានៈ ក៏បានបដិសេធ ចំពោះរឿងរ៉ាវ ដែលកញ្ញា Rose បានចោទប្រកាន់មកលើរូបលោកថា លោកបានព្យាយាមចង់បំពានមកលើរូបរាងកាយនាងនោះ នៅបន្ទប់ផ្លាស់សម្លៀកបំពាក់នោះ គឺមិនពិតនោះឡើយ។

ជាមួយគ្នានេះដែរ ទាក់ទងចំពោះរឿងខាងលើនេះ ដោយព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ តួអង្គប្រុស លោក យុទ្ធ ឋានៈ បានចេញមុខធ្វើការបកស្រាយជាថ្មីម្ដងទៀត អមមកជាមួយវីដេអូ និងបានភ្ជាប់សារយ៉ាងដូច្នេះថា៖”សម្ដែងតាមអ្នកដឹកនាំ​ សម្ដែងដោយគ្មានកាបង្ខិតបង្ខំ​ ពេលមានរឿងមកចោទដាក់ខ្ញុំ​ ម្តងហេីយម្តងទៀត​ តេីពេលណាទេីបចប់រឿងនឹង”។

ដោយឡែកអ្វីដែលជាការទន្ទឹមរង់ចាំរបស់ទស្សនិជន នាខណៈយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក នាយ ពាក់មី បានហៅតួអង្គទាំងពីររូបខាងលើ រួមជាមួយលោក Rith Omega ដើម្បីជួបជុំគ្នា ដោះស្រាយបញ្ចប់រឿងខាងលើនេះទៀត និងសុំបញ្ចប់ត្រឹមថ្ងៃនេះ​ សូមទោសសាធារណ:​ សន្យាមិនសំដែងដូចនេះទៀត។

Related posts

Leave a Comment