ក្តៅៗ! សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសរំលឹកអាជ្ញាធរ អនុវត្តវិធានការបិទទីតាំងអាជីវកម្មណា មិនអនុវត្តវិធានការសុខាភិបាល(មានសម្លេង)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសារពិសេសថ្មីមួយទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។ ក្នុងសារនៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានី ខេត្ត ឱ្យតាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយ ចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ក្នុងសារនេះ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា ការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកដូច្នេះ «ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត រាជធានីទាំងអស់ឱ្យបានជ្រាបសូមចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារ ទាំងអគារលក់ដូរនានា ហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន ព្រោះយើងគ្មានជម្រើសណាផ្សេងឱ្យល្អជាងជម្រើសធានាក្នុងការគម្លាតសង្គម គម្លាតបុគ្គល ការពាក់ម៉ាស់ ការធ្វើអនាម័យ ទាំងអ្នកចូលទៅទិញ ទាំងអ្នកលក់ ដែលយើងសង្កេតនៅតាមហាងមួយចំនួន គឺពុំបានបំពេញគ្រប់គ្រាន់តាមលក្ខខណ្ឌតម្រូវរបស់ក្រសួងសុខាភិបាលនោះទេ»។

សម្តេតេជោ បន្ថែមថា «ក៏ប៉ុន្តែការថ្លោះធ្លោយរបស់អាជ្ញាធរនៅមូលដ្ឋានខេត្ត ខណ្ឌ ស្រុក ក្រុង ភូមិ ឃុំ សង្កាត់ គឺជាការថ្លោះធ្លោយមួយដែលបណ្តាលឱ្យកើតមានរឿងឆ្លងតាមសហគមន៍នេះ មួយផ្នែកផងដែរ។ ព្រោះអ្នកដែលចម្លងអាចមានលទ្ធភាពទៅចម្លង លុះត្រាតែមានលទ្ធភាពទៅកៀកជាមួយនឹងអ្នកដែលមិនមានជំងឺ ដូច្នេះហើយខ្ញុំស្នើអនុវត្តន៍ឱ្យបានម៉ត់ចត់ ម៉ឺងម៉ាត់ ជាមួយនឹងការអនុវត្តន៍នូវគម្លាតសង្គម គម្លាតសុវត្ថិភាព ដែលក្នុងណុងគឺគម្លាតពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ បន្ថែមទៅដោយការពាក់ម៉ាក់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំដោយទទូចទៅកាន់ប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលជាដើម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានទទូចដូច្នេះ «ខ្ញុំស្នើសុំដោយទទូចចំពោះហាងលក់ដូរទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ ហើយការចូលទៅហាង ឬការទទួលទាននានា ក៏ត្រូវអនុវត្តន៍ទៅតាមគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានព្រាងនូវព្រះរាជក្រឹត្យ និងសារលិខិតរួចរាល់ហើយក្នុងការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ប៉ុន្តែសម្តេចមិនចង់នោះឡើយ ព្រោះធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាជាប់គាំងតែម្តង។

សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុក្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហ៊ានបែបនេះនោះទេ ព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង។ ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញ ឬខេត្តណាមួយនោះ វានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច។ ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។ ប៉ុន្តែអ្វីដែលជាការជំនួសបានយើងអាច យើងខិតខំជំនួសតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង»៕ ប្រភព៖ freshnewsasia

Related posts

Leave a Comment