កុមារី យ៉ុង ស្រីនីត អាយុ១១ឆ្នាំ ជាសិស្សថ្នាក់ទី៥ នៃសាលាបឋមសិក្សា ដាក់ដាំ ស្ថិតក្នុងខេត្តមណ្ឌលគិរី ត្រូវបានមជ្ឈដ្ឋានមហាជន មានការចាប់អារម្មណ៍យ៉ាងខ្លាំង នូវសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាង រួមជាមួយសមត្ថភាពទឹកដមសម្លេង យ៉ាងក្រអួនក្រអៅ ដែលប្អូនស្រីអាចច្រៀងបានយ៉ាងពិរោះរណ្ដំតែម្ដង។ កុមារី យ៉ុង ស្រីនីត ក៏បានបញ្ជាក់ប្រាប់អំពីបំណងទៅថ្ងៃអនាគតរបស់ខ្លួន គឺចង់ក្លាយខ្លួនទៅជាគ្រូបង្រៀន និងជាតារាសម្ដែងផងដែរ។
ទន្ទឹមនឹងនេះដែរ កាលពីនារសៀលថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០២០នេះ ប្អូនស្រី យ៉ុង ស្រីនីត ក៏បានមកដល់ភ្នំពេញហើយ ដើម្បីមកថតរឿងបែបអប់រំ អោយផលិតកម្ម អិលឌី ដោយរឿងមួយនេះ គឺដឹកនាំសម្ដែង ដោយនាយ ពាក់មី ផ្ទាល់តែម្ដង។ នាយ ពាក់មី ក៏បានបញ្ជាក់ដែរថា ប្អូនស្រី យ៉ុង ស្រីនីត ក៏នឹងគេងជាមួយកូនស្រីរបស់ខ្លួនសិន។ ឆ្លៀតពេលមុនចូលគេង កាលពីយប់មិញនេះ នាយ ពាក់មី ក៏បានមកជជែកលេងកម្សាន្ដជាមួយ ប្អូនស្រី យ៉ុង ស្រីនីត និងបានអំពាវនាវទៅដល់សប្បុរសជន ឬខាងសាលានានា បើសិនជាអាច សុំមេត្ដាជួយស្រីនីត អោយបានរៀនសូត្ររហូតដល់ចប់ហ្នឹងគេផង ព្រោះក្រុមគ្រួសាររបស់គាត់ គឺពិតជាក្រខ្លាំងណាស់។
យ៉ាងណាមិញ ក្រោយបានទទួលដឹងអំពីរឿងខាងលើនេះរួចមក ក៏មានបងស្រីម្នាក់ ជាម្ចាស់គ្លីនិកស្បែក BC ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Ratchhavy BC ក៏បានចូលមកខមិន ក្នុងផុស គេហទំព័រ KhmerOsja របស់យើងខ្ញុំ ដោយគាត់មានបំណងចង់យកស្រីនីតមកចិញ្ចឹម និងផ្ដល់ការសិក្សា នៅទីក្រុងភ្នំពេញ រហូតដល់រៀនចប់ថែមទៀតផង។ ម្ចាស់គ្លីនិករូបនេះ បានលើកឡើងឱ្យដឹងថា៖”នាងខ្ញុំជាម្ចាស់គ្លីនិកស្បែកBC ចង់ទទួលចិញ្ចឹមក្មេងស្រីដ៍កំសត់ម្នាក់នេះ អោយរៀនសូត្របន្តនៅភ្នំពេញ បានរហូតដល់ចប់ នាងចង់រៀនធ្វើគ្រូក៍បាន ចង់រៀនធ្វើគ្រូពេទ្យក៍បាន សូមជួយប្រាប់លោកពាក់មីជួយទំនាក់ទំនងមកលេខទូរសព្ទ័ នាងខ្ញុំ 077844777 , 012844777 ទីតាំងជិតស្តុបបូកគោ”។