កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញក្មេងប្រុសម្នាក់ឈ្មោះ ពេជ្រ ធារ៉ា បានយកកង់កញ្ចាស់មួយគ្រឿងរបស់ខ្លួន ដែលមិនមែនជាកង់ប្រណាំង គ្មានអាវ គ្មានមួក គ្មានស្បែកជើង តែមានចិត្តដ៏ធំមហិមា ចូលរួមក្នុង ការប្រកួតកង់ភ្នំ ឆ្នាំ២០២០ នៅទីលានទួលម៉ូតូហោះព្រែកលាភ។
កង់ដែលក្មេងប្រុសយកទៅប្រណាំងនេះ គឺទិញពីអ្នកលក់អេតចាយ ក្នុងតម្លៃត្រឹមតែ ២មុឺនរៀលប៉ុណ្ណោះ ដោយលុយនេះបានមកពីយាមស្បែកជើងឲ្យគេ នៅវត្ត។
ឃើញពីការតស៊ូ អត់ធ្មត់ ប្រឹងប្រែង បើទោះគ្មានរបស់ទំនើបដូចគេបែបនេះ គេឃើញ មានសប្បុរសជនជាច្រើន បានស្កាប់ទៅជួបក្មេងប្រុសនេះផ្ទាល់ដល់ផ្ទះ។
ជាក់ស្តែងម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ គេឃើញ លោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បានចាត់តំណាងអោយ(ក្រុមកង់១៥៧) យកអំណោយជូនកុមារា ពេជ្រ ធារ៉ា តាមការសន្យា ដោយអំណោយទាំងនោះមាន៖ កង់ថ្មី ចំនួន ១គ្រឿង និងសម្ភារៈកង់ ១កំប្លេ, អាវកង់ (ក្រុម១៥៧), ស្បែកជើង ១ គូ, ខោ អាវ Baleno ១ កំប្លេ, កាតាប ១ សៀវភៅ ១០ ក្បាល ប៊ិច ១ កំប៉ុង, អង្ក ២០គីឡូ, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១ យួរ, ត្រីខ កំប៉ុង ១យួរ, ទឹកសុទ្ធ ១កេស និងថវិកា ៧០០,០០០ រៀលគត់។
មួយវិញទៀត អ្វីដែលធ្វើឲ្យមហាជនពិតជាចង់ដឹងថែមទៀតនោះ ថានរណាគេ ដែលជាអ្នកថតរូបដ៏ស្រស់ស្អាត និងគួរឲ្យចាប់អារម្មណ៍នេះ។
នៅទីបំផុតរកឃើញហើយ អ្នកដែលបានថតរូប ក្មេងប្រុសម្នាក់នេះមានឈ្មោះថា កឹម សុវណ្ណា អ្នកថតរូបអាជីព បែបកីឡានៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មកម្លេស។
ហើយម្សិលមិញនេះ នាថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក ក៏បានបង្ហោះរូបភាពស្អាតៗ ជាច្រើនសន្លឹកពីស្នាដៃរបស់ខ្លួន ដែលបានថតនៅក្នុង ការប្រកួតកង់ភ្នំ នេះ ដោយបញ្ជាក់ថា “កុមារាម្នាក់ដែលល្បីតាមការស៊ែររូបថតរបស់ខ្ញុំកាលពីម្សិលម៉្ងៃនៅទីលានប្រណាំងទោចក្រយាន្តព្រែកលាប ក្នុងកម្មវិធី Cambodia MTB Series 2020 វគ្គទី2។”។
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖