មហាជនជាច្រើនបានមានការភ្ញាក់ផ្អើល និងបានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតមួយ ខណៈដែលលោក ស៊ូ សោភណ្ឌរិទ្ធិ ដែលជាគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer បានទទួលមរណភាព នាយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ។
គណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer លោក ស៊ូ សោភណ្ឌរិទ្ធិ ត្រូវបានគេបញ្ជាក់ថា លោកមានជំងឺសួតធ្ងន់ធ្ងរក្នុងដំណាក់កាលចុងក្រោយ។ ក្នុងនោះដែរ ស ព របស់លោកត្រូវបានក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វេីបុណ្យនៅគេហដ្ឋាន ដែលស្ថិតនៅក្នុងបុរីសែនសុខក្រាំងធ្នង់ សង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
កាន់តែរំជួលចិត្តនោះ នៅមុនពេលមួយថ្ងៃ ដែលគណៈកម្មការនៅក្នុងកម្មវិធី Master Chef Khmer លោក ស៊ូ សោភណ្ឌរិទ្ធិ បានទទួលមរណភាពនោះ ភរិយារបស់លោក ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sophorn Love Sophorn បានបង្ហោះសារយ៉ាងក្រៀមក្រំនៅលេីបណ្តាញសង្គមហ្វេសប៊ុកថា៖«សូមផលបុណ្យដែលពួកខ្ញុំបានសាងនឹងបន្តអោយពួកខ្ញុំរស់នៅជាមួយគ្នាបានយូរអង្វែង»។
សារនេះ បានធ្វើឲ្យមហាជនជាច្រើនមានអារម្មណ៍ក្តុកក្តួលចិត្តជាខ្លាំង ដែលមិនគួរណាលោកឆាប់ចាកឆ្ងាយពីគ្រួសារជារៀងរហូតទាំងនៅវ័យក្មេងបែបនេះទាល់តែសោះ។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ស៊ូ សោភណ្ឌរិទ្ធី បានទៅកាន់ឋានស្ងប់សុខ សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។