លោកឧកញ៉ា ទៀ វិចិត្រ៖ ចូលរួមដោយផ្ទាល់ ព្រមទាំងបញ្ជូនអូប័រ ចំនួន6គ្រឿង រួមសហការជាមួយកំលាំងសមត្ថកិច្ច ក្នុងការស្វែងរក ស្ត្រីជនជាតិអង់គ្លេសដែលបាត់ខ្លួន នៅលើកោះរ៉ុង

នៅមុននេះបន្តិច នាថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៩ គេប្រទះឃើញ ឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារក្នុងហ្វេសប៊ុករបស់លោកថា “ដើម្បីរួមចំណែកស្វែងរកស្ត្រីជនជាតិអង់គ្លេសដែល មានឈ្មោះ Amelia Bambridge។ ខ្ញុំសូមចូលរួមដោយផ្ទាល់ ព្រមទាំងបញ្ជូនអូប័រ ចំនួន6គ្រឿង សម្រាប់រួមសហការជាមួយកំលាំងសមត្ថកិច្ច ក្នុងការស្វែងរក ស្ត្រីជនជាតិអង់គ្លេសនេះ ដែលបាត់ខ្លួនតាំងពីថ្ងៃទី24 ខែតុលា ឆ្នាំ2019 អោយអស់ពីលទ្ធភាព នូវអ្វីដែលខ្ញុំអាចធ្វើបាន! ទៀ វិចិត្រ”។

គួរបញ្ជាក់ឡើងវិញបន្តិចផងដែរថា បើយោងតាមសេចក្តីរាយការណ៍របស់លោក Huy Bunleng កាលពីម្សិលមិញនេះ បានបញ្ជាក់ឲ្យដឹងថា៖ “ក្រុងកោះរ៉ុង៖ (ដំណឹងបន្ថែម) មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងអោយដឹងថា គិតមកត្រឹមល្ងាច ថ្ងៃ២៨ តុលា ២០១៩ នេះ ការស្វែងរកស្ត្រីជនជាតិអង់គ្លេសមួយរូប ដែលបាត់ខ្លួននៅលើកោះរ៉ុងនោះ មិនទាន់ប្រទះឃើញនៅឡើយ ហើយកម្លាំងសមត្ថកិច្ចចម្រុះគ្រប់ផ្នែក រួមជាមួយក្រុមអ្នកស្មគ្រ័ចិត្តផង កំពុងធ្វើប្រតិបត្តិការស្វែងរកបន្តដោយថ្មើរជើងនៅលើដីគោកក្នុងតំបន់ព្រៃភ្នំផង ក្នុងនោះមានការប្រើប្រាស់កាមេរ៉ាពីលើអាកាស ហើយនៅក្នុងទឹកក្បែរឆ្នេរសមុទ្រក៏មាន ក្រុមអ្នកមុជទឹកស្វែងរកផងដែរ។

ស្ត្រីជនបរទេស ដែលបាត់ខ្លួននេះ ឈ្មោះAmelia Bambridge អាយុ ២១ឆ្នាំ ដែលយោងតាមរបាយការណ៍ពីសមត្ថកិច្ចបញ្ជាក់ថា បានបាត់ដំណឹងក្នុងភូមិសាស្ត្រក្រុងកោះរ៉ុង ចាប់ពីវេលាម៉ោងជិត៤ទៀបភ្លឺ ថ្ងៃទី២៤ តុលា ២០១៩ មិនទាន់ដឹងថា ជាការវង្វេង ដូចករណីជនបរទេសខ្លះធ្លាប់វង្វេងបាត់ ក្នុងព្រៃលើកោះកន្លងមក ឬដោយហេតុការណ៍មួយនៅឡើយ៕”៕

Related posts

Leave a Comment