កាលពី ថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្តែងក្តីត្រេអរ និងរំភើបរីករាយ យ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថា ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោកសុវណ្ណ រិទ្ធី អតីតអគ្គនាយកសារព័ត៌មាន TVFB រយៈពេល១៨ខែ ប៉ុន្តែទោសនេះ តុលាការឱ្យអនុវត្តតែ ៥ខែ ២៨ថ្ងៃ ប៉ុណ្ណោះ ហើយចំពោះទោសសល់ប៉ុន្មានត្រូវព្យូរ។
បើគិតពីថ្ងៃចាប់ខ្លួន និងឃុំក្នុងពន្ធនាគារ រហូតមកដល់ពេលនេះ មានរយៈពេល៥ ខែ២៨ថ្ងៃ ហើយ ដែលលោក សុវណ្ណ រិទ្ធី បានជាប់ឃុំ ហើយនៅថ្ងៃនេះ ត្រូវមានសេរីភាពឡើងវិញផងដែរ។ នេះបើតាមការបញ្ជាក់របស់មន្រ្តីតុលាការ។
ស្រាប់តែមកដល់ ថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២០ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធី បានបង្ហោះរូបភាពមួយសន្លឹក ព្រមទំាងភ្ជាប់សារខ្លីមួយឃ្លា ដ៏មានន័យថា ៖ “ជំរាបសួរពុកម៉ែបងប្អូនជាទីនឹករលឹក”។ លោកបានស៊ែរផុសមួយទៀតរបស់ប្អូនប្រុសរបស់លោក ក្នុងថ្ងៃនេះដែរ ហើយបន្ថែមថា “ស្នាមញញឹមគ្រាដំបូងសំរាប់ប្អូនៗជាទីស្រលាញ់របស់ខ្ញុំ”។
ចំណែកនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ នេះ គេប្រទះឃើញ លោក សុវណ្ណ រិទ្ធគីន ដែលត្រូវជាប្អូនប្រុសទី២ របស់លោក សុវណ្ណ រិទ្ធី បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា ៖
“ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាម៉ោង 7 ល្ងាចនេះថ្ងៃទិ ០៩ ខែ តុលា ឆ្នាំ ២០២០ ខ្ញុំនឹងផុសបទចម្រៀងមួយបទ ដែលខ្ញុំចំណាយពេល៣ខែ សំរាប់ធ្វើ ហើយខ្ញុំច្រៀងជាមួយប្អូនប្រុស របស់ខ្ញុំទី ៣ គឺលោក សុវណ្ណ សេដ្ឋី និយាយពីជីវិតបងប្អូន ក្រុមគ្រួសារ របស់ខ្ញុំនិយាយចំទៅ គឺធ្វើបទនេះ ដើម្បីបងប្រុសល្អ របស់ខ្ញុំ សុវណ្ណ រិទ្ធី”។
នៅទីបំផុត បទ “បងប្រុស” ដែលជាការបកស្រាយ ដោយ សុវណ្ណ រិទ្ធគីន និង សុវណ្ណ សេដ្ឋី បានចេញផ្លូវការហើយ នៅមុននេះបន្តិច នាយប់ម៉ោង ៧ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ស្តាប់ហើយ ពិតជាកំសត់ខ្លាំងណាស់ រហូតដល់ថ្នាក់ បង្ហាញអារម្មណ៍រំជួលចិត្ត ដល់ស្រក់ទឹកភ្នែកថែមទៀត។ តោះដើម្បីកុំឲ្យខាតពេលយូរ សូមស្តាប់ទំាងអស់គ្នា ៖