សូមបងប្អូនប្រជាជនខ្មែរ ទស្សនាព្រះរាជពិធីយាងឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រខ្មែរ ព្រះបរមនាថ នរោត្តម សីហមុនី (មានវីដេអូ)

ភ្នំពេញ ៖ មហាជនខ្មែរជាច្រើនបានជ្រាបច្បាស់ហើយថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ជាថ្ងៃគម្រប់ ១៥ឆ្នាំហើយ ដែលព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិ។យ៉ាងណាមិញ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជាព្រះប្រធានរដ្ឋសភា និងជាព្រះរាមម្ដាយទីទៃជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ បានសម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា។ ការជ្រើសរើសព្រះអង្គជាព្រះមហហាក្សត្រថ្មី ធ្វើឡើងបន្ទាប់ពីព្រះរាជបិតា សម្តេចព្រះបរមរតនកោដ្ឋ សម្ដេចព្រះ នរោត្តម សីហនុ បានប្រកាសដាក់រាជ្យសម្បត្តិនៅថ្ងៃទី៧ តុលា ឆ្នាំ២០០៤។ដោយឡែក ព្រះរាជពិធីយាងឡើងសោយព្រះបរមសិរីរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានធ្វើឡើងយ៉ាងអធិកអធម និងមហោឡារឹកជាទីបំផុតបំផុតតាមព្រះរាជបវេណីរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែតុលា ឆ្នាំ២០០៤ ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះញាតិវង្ស

ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករ។ជាក់ស្តែង ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី គឺ៖ «ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី សមានភូមិ ជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរា មហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជាឯករាជរដ្ឋ បូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុង កម្ពុជាធិបតី»។ មានសេចក្តីថា៖ «អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និងប្រជារាស្ត្រខ្មែរ ដោយស្វាមីភក្តិ និងភក្ដីភាព។ មហាក្សត្រ ដែលព្រះពុទ្ធ និងព្រះឥន្ទ្រ លោកឧបត្ថម្ភ។ អ្នករួបរួម ខេមរជនទាំងអស់ ។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាព របស់ប្រជារាស្ត្រខ្មែរ»។យ៉ាងណាមិញ នៅក្នុងព្រះរាជពិធីយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិនោះ អង្គព្រះមហាក្សត្រខ្មែរ បានតាំងព្រះទ័យសច្ចាថា «ខ្ញុំតាំងសច្ចាថានឹងប្រព្រឹត្តិតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រ ហើយនឹងតាំងចិត្តធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្ត្រ»។ ព្រះអង្គបានតាំងសច្ចាបែបនេះចំនួន៣ដង។ទន្ទឹមនឹងនេះ ក្នុងវរោកាសដ៏ថ្លៃថ្លានោះ

ព្រះអង្គក៏បានប្រកាសប្តេជ្ញាព្រះទ័យបម្រើវិស័យសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅ របស់ប្រជារាស្ត្រនៅទូទាំងប្រទេស។ ជាពិសេសនៅជនបទស្រែចម្ការ។ «ខ្ញុំនឹងយកអស់សមត្ថភាពបម្រើព្រះសង្ឃគ្រប់ព្រះអង្គ បម្រើប្រជារាស្ត្រ និងបម្រើមាតុភូមិអង្គជាទីស្នេហា ដោយអំណត់ព្យាយាម និងដោយស្មោះត្រង់»។គួរបញ្ជាក់ដែរថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ប្រសូត្រនៅថ្ងៃទី១៤ ខែ ឧសភា ឆ្នាំ១៩៥៣។ ទ្រង់ជាព្រះរាជបុត្រាច្បង របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ និង សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ ។ ព្រះអង្គមាន ព្រះអនុជ បង្កើត តែមួយអង្គគត់ គឺសម្តេច នរោត្តម នរិន្ទ្រពង្ស (១៩៥៤-២០០៣) ។ដោយឡែក ព្រះអង្គទ្រង់បានសិក្សានៅសាលាបឋមសិក្សានរោត្តម ហើយក្រោយមកព្រះអង្គទ្រង់បានបន្តការសិក្សានៅវិទ្យាល័យដេកាត ដែលសាលាទាំង២នេះស្ថិតនៅក្នុងរាជភ្នំពេញ។ នៅក្នុងវ័យ៩ព្រះវស្សា ព្រះអង្គរត្រូវបានព្រះរាជបិតាបញ្ជូនទៅទីក្រុងប្រាក នៃអតីតសាធារណៈរដ្ឋឆេកូស្លូវ៉ាគី នៅក្នុងឆ្នាំ១៩៦២

ដែលជាចំណែកមួយនៃនយោបាយការបរទេសអព្យាក្រឹត្យ និងមិត្តភាព ជាមួយប្រទេសទាំងអស់ដែលគោរពអធិបតេយ្យភាពប្រទេសកម្ពុជា។ជាក់ស្តែង នៅទីនោះព្រះអង្គបានបង្ហាញនូវភាពលេចធ្លោរគ្មានគូប្រៀប នៅក្នុងប្រព័ន្ធគរុកោសល្យ កិច្ចការស៊ីវិល និងឥរិយាបថសុជីវធម៌ ដ៏ល្អក្រៃលែង។ បន្ទាប់ពីព្រះអង្គទ្រង់បានសិក្សាថ្នាក់បឋមសិក្សា វិទ្យាល័យ និងសាលាតូរ្យតន្រ្តី ដែលទ្រងបានសិក្សាផ្នែកតន្រ្តី និងរបាំបុរាណដល់ឆ្នាំ១៩៧៥។ ព្រះបាទនរោត្តម សីហមុនីទ្រង់ស្ទាត់ជំនាញខាងភាសាសាស្រ្ត ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងប្រសើរផងដែរ។តួយ៉ាង នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីទីក្រុងប្រាក ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់មកមាតុភូមិវិញនៅក្នុងឆ្នាំ១៩៧៧។ ភ្លាមៗបន្ទាប់ពីព្រះអង្គបានវិលត្រឡប់មកកាន់មាតុភូមិវិញ ទ្រង់ត្រូវបានខ្មែរក្រហម ដែលកំពុងកាន់អំណាចហើយប្រឆាំងនិងរបបរាជានិយម បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង

ជាមួយព្រះរាជវង្សានុវង្ស ដទៃទៀតផងដែរ។ ក្រោយមកព្រះអង្គ និងព្រះញាតិវង្សដទៃទៀត ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ត្រូវបានរំដោះប្រទេសពីរបបខ្មែរក្រហមនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។គួរបន្តទៀតថា លុះដល់ឆ្នាំ១៩៨១ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះអង្គទ្រង់បានយាងទៅកាន់ក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និងទទួលព្រះរាជតួនាទីជាព្រះប្រធានសមាគមរបាំខ្មែរ។ ទ្រង់បានគង្គនៅប្រទេសបារាំងជិត២០ព្រះវស្សា នៅទីនោះជារឿយៗព្រះអង្គតែងតែយាងទៅកាន់ទីក្រុងប្រាហ្ក ជាទីដែលព្រះអង្គ បានចំណាយពេលជាច្រើននៅក្នុងព្រះជន្មក្មេងវស្សា។ មិនតែប៉ុណ្ណោះព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរតែមួយគត់ដែលមានសមត្ថភាព មានព្រះរាជសុវណ្ណីជាភាសាឆេក។យ៉ាងណាមិញ នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គទ្រង់ជាឯកអគ្គរាជទូតវប្បធម៌ នៅអង្គការយូនេស្កូ (UNESCO) និងជាគ្រូបង្ហាត់របាំបុរាណ។ នៅទីនោះព្រះអង្គមានប្រជាប្រិយភាព និងល្បីល្បាញយ៉ាងខ្លាំងនៅលើការតស៊ូមតិ យ៉ាងស្វិតស្វាញ ចំពោះវប្បធម៌កម្ពុជា៕ប្រភព៖ KL

Related posts

Leave a Comment