ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Chen Mainly បានបង្ហាញក្តីអាណិតអាសូរជាខ្លាំងដល់បុរសជាតៃកុងរថយន្តដឹកដី ដែលបានបុ កយុវជនឈរផ្គើនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ខណៈជនរងគ្រោះ និងមិត្តភ័ក្ដិឈរជជែកគ្នាលើគន្លងរបស់រថយន្ត មិនខ្វល់ពីសុវត្ថិភាពផ្ទាល់ខ្លួន។ជាក់ស្តែង ម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលត្រូវជាមិត្តភក្តិតៃកុងរថយន្តដឹកដី បានបង្ហាញពីស្ថានភាពគ្រួសារដ៏គួរឲ្យអាណិតអាសូររបស់គាត់ ដែលត្រូវមកជួបរឿងបែបនេះ ខណៈប្រពន្ធកំពុងតែមានផ្ទៃពោះគ្រប់ខែទៅហើយ ហើយកូនម្នាក់ទៀតក៏នៅតូច ដែលចាំបាច់ត្រូវមានស្វាមីនៅមើលថែ។ ជាងនេះទៅទៀត តាមរយៈខំមិនលើហ្វេសប៊ុក មហាជនជាច្រើនក៏បានបង្ហាញក្តីអាណិត និងសុំឲ្យមានការបន្ធូរបន្ថយទោសដល់តៃកុងរូបនេះផងដែរ។ក្នុងនោះដែរ គួរបញ្ជាក់ផងដែរថា
កាលពីព្រឹកថ្ងៃ៤ ខែតុលា ឆ្នាំ២០២០ ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដី បុ កយុវជនម្នាក់ ដែលឈរជុំគ្នាជាមួយមិត្តភក្តិមួយក្រុម មកធ្វើការសួរនាំ និងធ្វើកំណត់ហេតុ ដោះស្រាយតាមផ្លូវច្បាប់ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍ បានបញ្ជាក់ឲ្យដឹងថា៖ ករណីរថយន្តដឹកដី បុ កយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។យ៉ាងណាមិញ ក្រោយកើតហេតុ ភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ
ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ដោយខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរឌឺនៅលើផ្លូវ។ ក្រោយកើតហេតុ៣ថ្ងៃ ទើបខាងភាគីរថយន្តយកលុយទាំងនោះ ដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ច នៅស្រុកអធិការកំពង់ត្រឡាច ឱ្យជួយដឹងឮ។ក្រោយ ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការស៊ើបអង្កេតបន្ទាន់ ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ក៏បានឃាត់ខ្លួនបុរស
ដែលបើករថយន្តដឹកដីនោះ នៅព្រឹកថ្ងៃនេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ដោយឡែក តាមវីដេអូឃ្លីប ថតបានស្ដែងៗដោយបងប្អូនរបស់ជនរងគ្រោះផ្ទាល់ ដែលជាលក្ខណៈថតលេង មុនកើតហេតុការណ៍ ហើយបង្ហោះលើហ្វេសប៊ុក។ យុវជនមួយក្រុមឈរជុំគ្នាពាក់កណ្ដាលផ្លូវលើគន្លងរថយន្ត ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង។ ប៉ុន្តែក្រុមយុវជនដែលឈរនៅលើផ្លូវហាក់មិនចាប់អារម្មណ៍ ឃើញដែរតែដូចជាប្រមាថ ឬឌឺដងក៏ថាបាន ក៏ត្រូវរថយន្តបុ.កយុវជនម្នាក់ពេញតែម្តង៕ប្រភព៖ខ្មែរឃ្លូបល