អានចប់ រំជួលចិត្តតាម ! អេនឌី (Andy) សញ្ជាតិអូស្រ្តាលី កាត់អាមេរិចកាំង ធ្លាប់ធ្វើការច្រើនឆ្នាំ នៅក្រុមហ៊ុនទូរស័ព្ទដ៏ធំមួយ នៅអូស្រ្តាលី, ពេលឈប់សំរាកការងារ អេនឌី បានមកកម្ពុជា ដោយបានជួប និងស្រឡាញ់នារីខ្មែរម្នាក់ យ៉ាងងប់ងល់, នៅទីបំផុត…

កាលពីម្សិលមិញនេះ នាថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ គេប្រទះឃើញម្ចាស់ហ្វសប៊ុកម្នាក់ឈ្មោះ “ស្ទីវិន សាន់” បានបង្ហោះរូបភាព និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយ ថ្លែងពីបុរសជាជនបរទេសដ៏កំសត់ម្នាក់។ ម្ចាស់ហ្វេសប៊ុក ដដែលនេះ បានរៀបរាប់រឿងរ៉ាវខ្លះថា ៖

“30.09.2020-SUN-អេនឌី (Andy)

រសៀលថ្ងៃនេះ នៅពេលខ្ញុំដើរទៅទទួលជំទាវតូចពីសាលារៀន ខ្ញុំប្រទះបុរសបរទេសវ័យចំណាស់មួយរូបកំពុងអង្គុយលើចិញ្ចើមផ្លូវនៅទល់មុខសាលាខណ្ឌដូនពេញ ដោយមានពាក់តែស្បែកជើងម្ខាងខាងឆ្វេង រីឯជើងស្តាំពាក់ស្រោមជើងខ្មៅ និងរុំដោយស្បោងប្លាស្ទីក។ ខ្ញុំដើរហួស។

ពេលត្រឡប់មកពីសាលារៀនវិញ ខ្ញុំឃើញបុរសរូបនោះអង្គុយនៅកន្លែងដដែល។ ខ្ញុំដើរសំដៅ ហើយសួរសំណួរមួយចំនួនទៅគាត់ ស្របពេលជំទាវតូចទំនងភ្ញាក់ផ្អើល ព្រោះឈរនៅឆ្ងាយបន្តិច។ មួយសន្ទុះទើបជំទាវតូចក្លាហានខិតចូលជិត និងថតរូប។

អេនឌី (Andy) សញ្ជាតិអូស្រ្តាលីកាត់អាមេរិចកាំង មានជំនាញខាងអេឡិចត្រូនិច និងធ្លាប់ធ្វើការច្រើនឆ្នាំនៅក្រុមហ៊ុនទូរស័ព្ទធំមួយនៅអូស្រ្តាលី។ ពេលឈប់សំរាកការងារប្រចាំឆ្នាំ អេនឌីបានមកកម្ពុជាដោយបានជួប និងស្រឡាញ់នារីខ្មែរម្នាក់ យ៉ាងងប់ងល់ រហូតលះបង់ទឹកដីកំណើត ដើម្បីរស់នៅជាមួយមនុស្សជាទីស្នេហា។

ទីបំផុត របររកស៊ីនៅកម្ពុជាដួលរលំ ស្នេហាក៏បែកបាក់ នាំអោយអេនឌីខូ​ចចិ​ត្ត ដើរគ្មានគោលដៅ ក្លាយជាជនអនាថា។ អេនឌីសម្រេចចិត្តស្លាប់លើទឹកដីកំណើតស្នេហារបស់គាត់នៅកម្ពុជា។

ដោយក្តីមេត្តា ខ្ញុំបានផ្តល់ថវិកាទៅអេនឌី សំរាប់ទិញស្បែកជើង។ ប៉ុន្តែ អេនឌីបដិសេធ ដោយបញ្ជាក់ថា គាត់មិនមែនជាស្មូម ឬអ្នកសូមទាន។ ខ្ញុំសម្រេចចិត្តទិញស្បែកជើងអោយអេនឌីតែម្តង។ ខ្ញុំប្រាប់អេនឌី រង់ចាំ៣០នាទី។

– អេនឌី : ខ្ញុំអាចស្នើសុំអ្នកមួយចំណុចបានទេ?
– បាទ និយាយមកចុះ ប្រសិនបើខ្ញុំអាចធ្វើបាន!
– អេនឌី : សូមមេត្តាកុំយកស្បែកជើងពណ៌ផ្កាឈូក (Pink colour)
– យល់ព្រម

ខ្ញុំចេញទៅយកឡាន និងទៅទិញស្បែកជើងតាមគំរូដែលខ្ញុំបានហែកក្រដាស់សៀវភៅរបស់កូនមួយសន្លឹកគូរពុម្ពទំហំបាតស្បែកជើងរបស់អេនឌី។

៣០នាទីយើងវិលត្រឡប់មកវិញតាមសន្យាជាមួយស្បែកជើងពីរគូ ស្រោមជើងពីរគូ ដើម្បីជាជម្រើសសំរាប់អេនឌី និងម៉ាស់ក្រណាត់ពាក់មុខមួយកញ្ចប់ នំប្រអប់ ចំណីកំប៉ុងមួយចំនួន រួមជាមួយទឹកផ្លែឈើ។

អេនឌីស្រវាយកស្បែកជើងមកពាក់ភ្លាមៗ ជាមួយស្នាមញញឹមពេញចិត្ត ចេញធ្មេញដែលខកខានដុសសម្អាតច្រើនខែ ប៉ុន្តែមិនភ្លេចសិតសក់។ ចំណែកស្បោងចំណីអាហារវិញ អេនឌីទទួលហើយដាក់លើផ្លូវថ្នល់។ នេះបង្ហាញថា អេនឌីត្រូវការស្បែកជើងសំរាប់ដើរច្រើនជាង។ ញញឹមបណ្តើរ សម្លឹងស្បែកជើងថ្មីបណ្តើរ ហើយអេនឌីថ្លែង :

– ជឿចុះ ប្រសិនបើខ្ញុំមានឱកាស ខ្ញុំនឹងសងត្រឡប់មកអ្នកវិញនៅថ្ងៃណាមួយ។ អ្នកជាមនុស្សដំបូងដែលធ្វើទង្វើនេះមករូបខ្ញុំ។

ខ្ញុំញញឹម និងឆ្លើយបង្វែង :
– សូមព្រះតាមថែរក្សាអ្នក

អេនឌីញញឹមបណ្តើរ ឆ្លើយតបបណ្តើរ :
– ព្រះមិនជួយខ្ញុំទេ។ ព្រះតាមថែរក្សា និងគង់នៅជាមួយអ្នក និងកូនស្រីរបស់អ្នក!

អេនឌីព្យាយាមក្រោកឈរ ប៉ុន្តែក្រោកមិនរួច។ ខ្ញុំជួយក្រៀកអេនឌីអោយក្រោកឈរមួយជំហរ។ ប៉ុន្តែគ្រាន់តែខ្ញុំលែងដៃ អេនឌីដួលអុកគូថ និងដាច់ផ្ងាទៅក្រោយ នាំអោយកូនស្រី និងខ្ញុំស្រែកភ្លាត់មាត់។ សំណាងល្អមិនបង្កគ្រោះថ្នាក់។ អេនឌីបង្ហាញកជើងរបស់គាត់ទាំងសងខាងដោយស្នាមជាំ ដែលជាមូលហេតុពិបាកក្រោកឈរ និងបោះជំហានទៅមុខ។

គាត់ស្ទុះស្ទាក្រោកឈរម្តងទៀត ក្រោមការជ្រោមជ្រែងជាថ្មីពីខ្ញុំ។ ម្តងនេះ អេនឌីឈរបែបប្រុងប្រយ័ត្នជាងមុន ដោយពុំភ្លេចហុចដៃមកចាប់ដៃខ្ញុំក្នុងន័យកក់ក្តៅ និងអំណរគុណ។

យើងតាមសម្លឹងមើលដំណើរអេនឌីដើរតេះតះឆ្លងថ្នល់ ដូចកុមារទើបរៀនដើរដំបូង ដោយដៃម្ខាងយួរវ៉ាលីសពណ៌ក្រហម ខូចកង់ មិនអាចអូសឬទាញ និងដៃម្ខាងទៀតយួរស្បោងចំណី ជាមួយ ស្បែកជើងម្ខាង ដ៏កញ្ចាស់រហែកបាត ទុកជាអនុស្សាវរីយ៍ដ៏កំសត់កម្ររបស់គាត់។

អេនឌី ខ្ញុំ និងកូនស្រី លើកដៃជាសញ្ញាលាគ្នាពីជ្រុងថ្នល់ម្ខាងម្នាក់ជំនួសវាចា។

– កូនខ្លោចចិត្តនឹកអាណិតគាត់ណាស់ប៉ា! (ជំទាវតូចពោល)
– ជីវិតគ្មានអ្វីកំណត់ច្បាស់លាស់ទេ គឺបែបនេះណា៎កូន។ ការចែករំលែកគ្នាក្នុងគ្រាអាសន្នអន់ក្រ និងត្រូវចំកាលៈទេសៈ ពិតជាមានតម្លៃខ្លាំងណាស់!

ស្ទីវិន សាន់,

* សំណេរតាមការរៀបរាប់របស់ Andy
* រូបភាពអនុញ្ញាតិដោយ Andy”៕

Related posts

Leave a Comment