ការវាយប្រហារពីសំណាក់ឧទ្ទាមមួយក្នុងប្រទេសយេមែន ទៅលើព្រលានយន្តហោះស៊ីវិលនៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បណ្តាលឲ្យជនស៊ីវិល៩នាក់ រងរបួសកាលពីថ្ងៃអង្គារ។ ក្រុមប្រទេសចម្រុះនាំមុខដោយក្រុង Rigadh បាននិយាយដូច្នេះដែលនេះជាលើកចុងក្រោយបង្អស់ហើយនៅក្នុងការវាយប្រហារជាហូរហែរទៅលើទីនោះ។
កាលពីពេលថ្មីៗនេះ ក្រុមឧទ្ទាមហ៊ូធី សម្ព័ន្ធមិត្តរបស់ប្រទេសអីុរ៉ង់បាននិយាយថា ខ្លយនបានចាប់ផ្តើមបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយដោយផ្តោតគោលដៅវាយប្រហារទៅលើយន្តហោះចម្បាំងនៅព្រលានយន្តហោះ Abha International Airport ដោយប្រើដ្រូន។ នេះបើយោងតាមការឲ្យដឹងពីស្ថានីយទូរ ទស្សន៍ Al-Masira Television Channel របស់ក្រុមឧទ្ទាម។
ក្រុមឧទ្ទាមនៅក្នុងប្រទេសយេមែន ដែលបានប្រឈមទៅនឹងការទម្លាក់គ្រាប់បែកពីកងទ័ពប្រទេសចម្រុះតាំងពីខែមីនា ឆ្នាំ២០១៥មក ដោយមានជនសីុវិលស្លាប់យ៉ាងច្រើននោះបានបង្កើនការវាយប្រហារដោយប្រើមីសីុលព្រមទាំងដ្រូននៅគ្រប់ទីកន្លែងតាមព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះ។
កាលពីថ្ងៃទី២២ ខែមមិថុនា ការវាយប្រហារដោយមីសីុលរបស់ក្រុមឧទ្ទាមមួយទៅលើព្រលានយន្តហោះ Abha នោះបានបណ្តាលឲ្យជនសីុវិល២៥៦នាក់រងរបួស។ នៅថ្ងៃទី២៣ ខែមិថុនា ការវាយប្រហារមួយទៀតពីសំណាក់ក្រុមឧទ្ទាមហ៊ូធីនៅលើព្រលានយន្តហោះដដែលបានសម្លាប់ជនជាតិសីុរីម្នាក់និងរបួសជនស៊ីវិល២១នាក់ផ្សេងទៀត។ នេះបើយោងតាមការលើកឡើងពីក្រុមប្រទេសចម្រុះ៕