បរុសម្នាក់​ រត់ទៅសូមលោក ដួង តារា ឲ្យជួយ ក្រោយពីចាញ់បោកជនខិលខូចម្នាក់ ដែលបានសន្យាថា នឹងជួយរត់ការអោយគាត់ បានធ្វើធំ ជាប៉ូលីស ឬជាប៉េអឹម…

ភ្នំពេញ៖ ឯកឧត្តម ដួង តារា ដែល​ជា​អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី សូមឲ្យបងប្អូនមានការប្រុងប្រយ័ត្ន កុំឲ្យចាញ់បោក ជនខិលខូច មួយចំនួន ដែលដើរបោកប្រាស់ លុយបងប្អូនប្រជាពលរដ្ឋ ដោយធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ដួង តារា បានធ្វើការបង្ហោះសារ លើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយមានបងប្រុសម្នាក់ មកពឹងលើរូបលោក ដើម្បីឲ្យជួយ​ ព្រោះគាត់បានចាញ់បោក បុរសម្នាក់ អស់ទឹកប្រាក់ជាង ៦ពាន់ដុល្លារ។

នេះជាសារដែលលោក ដួង តារា បានធ្វើការបង្ហោះទាំងស្រុងលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ថា៖

អោយលុយគេរត់ការ​ធ្វេីធំ ប្រយ័ត្នគេបោក សូមបងប្អូនប្រយ័ត្នចាញ់បោកជនខិលខូចដែលធានារត់ការធ្វេីជាប៉ូលីសឬប៉េអ៉ឹម​ ជាពិសេសក្នុងពេលកូវីដ១៩នេះ។

កាលពីម្សិលមិញ មានប្អូនប្រុសអ្នកខេត្តម្នាក់បានមកសុំអោយខ្ញុំជួយគាត់ផង ព្រោះមានជនខិលខូច១រូប នៅភ្នំពេញបានបោកយកលុយគាត់អស់ជាង ៦ពាន់ដុល្លារ។ ជនខិលខូចនេះបានធានាជួយរត់ការអោយគាត់បានធ្វើធំជាប៉ូលីសឬជាប៉េអឹម។

ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត​ ហេីយបង្ហេីរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។

ខ្ញុំបានណែនាំប្រាប់អោយប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលីសខ័ណ្ឌនិងនៅស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស​ កុំអោយដេីរបោកប្រាសពលរដ្ឋទៀត។

សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង​ តែបែរជាអោយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។​ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់​ ព្រោះអាចជួបរឿងបែបនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

Related posts

Leave a Comment