ប្រពៃណាស់! កុំឱ្យខ្ជះខ្ជាយចង្ហាន់ហូហៀរពេក ព្រះសង្ឃនៅវត្តបុទមវតី យកទៅចែកនៅមន្ទីរពេទ្យគន្ធបុប្ផា

នារដូវកាន់បិណ្ឌនេះស្ទើរគ្រប់វត្តអារាមនានានៅរាជធានីភ្នំពេញ មានពុទ្ធបរិស័ទទៅប្រគេនចង្ហាន់ព្រះសង្ឃយ៉ាងច្រើនកុះករ ឯចង្ហាន់ក៏សម្បូរហូហៀរមិនខ្វះពោរពាសដល់ថ្នាក់វត្តខ្លះត្រូវគរចោលតែម្ដង ។

ដោយឡែកបើតាមទំព័រហ្វេសប៊ុករបស់ទូរទស្សន៍បាយ័ន បានបង្ហោះសកម្មភាពដ៏ប្រពៃព្រះសង្ឃជាច្រើនអង្គនៅវត្តបុទមវតី បានយកចង្ហាន់ដែលទទួលបានពីពុទ្ធបរិស័ទទៅចែករំលែកដល់អ្នកំពុងស្នាក់នៅសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្បែរព្រះបរមរាជវាំង ​នារាជធានីភ្នំពេញ ។ នេះមិនត្រឹមតែជួយមិនឱ្យចង្ហាន់ត្រូវខ្ជះខ្ជាយចាក់ចោលនោះទេ តែជាការចែករំលែកមួយយដ៏ល្អបង្ហាញអំពីវប្បធម៌នៃការចែករំលែកដែលមាននៅក្នុងចិត្តពលរដ្ឋខ្មែរចេះជួយគ្នាទៅវិញទៅមកតាំងតែពីដើមរៀងមក ។

ក្រោយពីបានឃើញទង្វើដ៏ប្រពៃប្រកបដោយក្ដីស្រឡាញ់ពីសំណាក់ព្រះសង្ឃនៅវត្តបុទមវតី នាំឱ្យមហាជនបង្ហាញក្ដីរំភើបរីករាយ និងគាំទ្រយ៉ាងពេញទំហឹង កុំឱ្យអាហារឆ្ងាញ់ៗទាំងនោះត្រូវចាក់ចោល ខណៈមានមនុស្សជាច្រើនកំពុងត្រូវការអាហារហូបចុក ៕

Related posts

Leave a Comment