ឯកាដល់ហើយ! វត្តមួយនៅជិតភ្នំពេញនេះ មានសង្ឃចាស់ជរាមួយអង្គ កំពុងខ្សត់ចង្ហាន់ខ្លាំង

​ក្នុងកំលុងនៃពិធីកាន់បិណ្ឌ នារដូវភ្ជុំបិណ្ឌនេះ តាមប្រពៃណីទំនៀមទម្លាប់ខ្មែរ ប្រជាជនប្រុសស្រី ដែលជាពុទ្ធបរិស័ទ បាននាំគ្នាធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមវត្តអារាមនានាទូទាំងប្រទេស ។​ ដោយឡែកយើងឃើញថា វត្តខ្លះទទួលបានចង្ហាន់ច្រើន ហើយវត្តដែលនៅដាច់ស្រយាលក៏នៅតែខ្សត់ចង្ហាន់ និង ពុំមានមនុស្សម្នាទៅច្រើនកុះករនោះឡើយ ។

ជាក់ស្ដែងតាមការបង្ហោះរូបភាពជាច្រើនសន្លឹករបស់គណនីហ្វេសប៊ុក Rith De-Mono បានបង្ហាញពីវត្តអារាមមួយកាលពីថ្ងៃទី ៨ កញ្ញា ២០២០ កន្លងទៅនេះខ្សត់ទាំងចង្ហាន់ ខ្សត់ទាំងមនុស្ស ដោយមានតែលោកតាមួយអង្គគង់នៅតែអង្គឯង ហើយមានព្រះជន្ម ១០៤ ព្រះវស្សាទៅហើយ ។ ​វត្ត​អារាមមួយនេះ មានឈ្មោះថា វត្តភ្នំ​ប្រសិទ្ធិមហិទ្ធិឫទ្ធិ​អង្គ​ជ័យ​ (ហៅ​វត្ត​បាសិទ្ធ​កណ្តាល​​) ស្ថិតនៅលើភ្នំមួយមានភាពស្ងាត់ជ្រងំ មិនមានពុទ្ធបរិស័ទ ហើយលោកតាគង់កណ្តោចកណ្តែងម្នាក់ឯងគួរឱ្យអាសូរ ។

សូមបញ្ជាក់ថា វត្តភ្នំ​ប្រសិទ្ធិមហិទ្ធិឫទ្ធិ​អង្គ​ជ័យ​ (ហៅ​វត្ត​បាសិទ្ធ​កណ្តាល​​) មានទីតាំងស្ថិតនៅភូមិតាពេជ្រ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល និងចម្ងាយ ២៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។ ដូច្នេះសូមបងប្អូន ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ដែលចង់នាំចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាមនានា ជួយគិតគូរដល់វត្តដែលកំពុងខ្វះខាត និងធ្វើបុណ្យឱ្យបានចំគោលដៅទាំងអស់គ្នា ៕

Related posts

Leave a Comment