ទីបំផុត បទដំបូងរបស់ ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ចេញផ្លូវការ ស្អែកនេះហើយ ពិសេសចំណងជើង គួរឲ្យចាប់អារម្មណ៍ទៀត គឺបទ…

ប្រិយមិត្តជាច្រើន ពិតជាបានជ្រាប ហើយមើលទៅ កាលពី ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា បានរៀបចំពិធីទទួលស្វាគមន៍ វត្តមាន កំពូលតារាចម្រៀងព្រាប សុវត្ថិ មកកាន់ក្រុមហ៊ុនចម្រៀង Galaxy Navatra យ៉ាងសម្រិតសម្រាំងបំផុត ដល់ថ្នាក់ធ្វើឲ្យ លោក ព្រាប សុវត្ថិ បង្ហាញក្តីរំភើប រីករាយ ជាខ្លាំង និងហ្វេនៗភ្ញាក់ផ្អើលយ៉ាងខ្លាំង សឹងតែមិននឹកស្មានដល់។

កម្មវិធីនេះ បានប្រព្រឹត្តទៅ ចាប់ពីវេលាម៉ោង ៥:៣០ នាទីល្ងាច ដែលរៀបចំធ្វើឡើងនៅឯ សណ្ឋាគារហ្គាឌិនសុីធី (Gardent City Hotel) ជិតវិមានឈ្នះៗ ទល់មុខ ស្ថានីយ៍ទូរទស្សន៍ PNN ព្រមទំាងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាល្បីៗជាច្រើនដួង មានវត្តមានក្នុងកម្មវិធីដ៏ពិសេសនេះផងដែរ អមជាមួយការតុបតែងខ្លួន យ៉ាងស្រស់ស្អាត គួរឲ្យគយគន់។

ក្នុងនោះ អ្វីដែលបានធ្វើឲ្យមហាជន និង អ្នកគាំទ្រជាច្រើនកំពុងតែរងចាំនោះ គឺបទដំបូងរបស់ លោក ព្រាប សុវត្ថិ នៅក្នុងផលិតកម្ម Galaxy Navatra នេះ។ នៅទីបំផុត បទដំបូង របស់ តារារូបនេះ នឹងចេញផ្លូវការហើយ នៅថ្ងៃស្អែក ទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ នេះហើយ ក្រោមចំណងជើង ថា “ខែភ្ជុំជ្រូកយំពេញទ្រុង” នេះបើយោងតាមការបញ្ជាក់របស់ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ Fresh News Plus នៅព្រឹកនេះ។

ដូចនេះសូមបងប្អូន រងចាំស្តាប់ បទដំបូងរបស់លោក ព្រាប សុវត្ថិ នៅថ្ងៃស្អែកនេះ នាវេលាម៉ោង ៧ព្រឹក ក្នុង Channel Youtube ផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទំាងអស់គ្នា៕

Related posts

Leave a Comment