មិនធម្មតា! អ៊ា​ន សៀវ​ម៉ី ឡើង​ងារ​ជា​«ឧកញ៉ា​»ទាំង​វ័យក្មេង ធ្វើ​ឲ្យ​អ្នកនាង​ក្លាយ​ជា​អ្នក​លក់​តាម​អន​ឡាញ​តែ​ម្នាក់​គត់…

អ្នកលក់​ផលិតផល​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ​អ្នកនាង អ៊ា​ន សៀវ​មី កាលពី​ពេល​ថ្មីៗ​កន្លង​ទៅនេះ ត្រូវបាន​ព្រះមហាក្សត្រ​ត្រាស់បង្គាប់ ផ្ដល់​គោរមងារ ជា​«​ឧកញ៉ា​» ជាហេតុ​ធ្វើ​ឲ្យ​អ្នកនាង​ក្លាយជា​អ្នកលក់​ផលិតផល​តាម​អន​ឡាញ​តែ​ម្នាក់​គត់ ដែល​ទទួល​បាន​ងារ​នេះ​។​

ក្រោយពី​ទទួលបាន​ងារ​ជា​«​ឧកញ៉ា​»​ហើយ​នោះ នា​ល្ងាច​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​បន្ថែមចំនួន ៥០,០០០​ដុល្លារ​ទៀត (​ប្រាំ​ម៉ឺន​$)​គ្រប់​៩​ម៉ឺន​ដុល្លារ ត្រូវ​នឹង​ថ្ងៃ​ខួបកំណើត​របស់ ឧកញ៉ា នា​ថ្ងៃ​០៩​ខែ​០៩​ខាងមុខនេះ និង ចេ​ល​លាងដៃ​ចំនួន​១០០​ដប ស្ព្រេ​យ​បាញ់​អាកុល​ចំនួន​១០០​ដប ជូន​ដល់​កាកបាទក្រហមកម្ពុជា ប្រចាំខេត្ត​កណ្តាល​។​

ពិធី​ប្រគល់ និង​ទទួល​នេះ ធ្វើឡើង ក្រោម​អធិបតីភាព​អធិបតីភាព ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ព្រមទាំង​មានការ​អមដំណើរ​ជា​កិត្តិយស​ពី​សំណាក់ លោកជំទាវ ញ៉ែម មរកត អនុរដ្ឋលេខាធិការ​នៃ ក្រសួង​កិច្ចការនារី និង សប្បុរសជន​នានា រួមមាន​លោក ហុង ឃាង និង ភរិយា បាន​ឧបត្ថម​អង្ករ​ចំនួន​២​តោន ផងដែរ​។

​បន្ទាប់មក ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​២០០០​ដុល្លារ សម្រាប់​ជួសជុល​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​៤៧០​ម៉ែត្រ ដែល​ស្ថិតនៅ ក្នុងភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំ​ណា​ច់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

លុះ​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ ឧកញ៉ា អ៊ា​ន សៀវ​ម៉ី ក៏បាន​ចុះទៅ​សាកសួរ​ផ្ទាល់​ដល់​គ្រួសារ​មួយ​ដែល​កំពុងតែ​ជួប​ទុក្ខលំបាក​យ៉ាងខ្លាំង ដែល​បាន​គ្រោះថ្នាក់​ចរាចរណ៍ ដោយបាន​ឧបត្ថម្ភ ប្រាក់​ចំនួន​៥០០​ដុល្លារ អង្ករ​៥០​គីឡូ គ្រឿង​បរិក្ខារ ឧបភោគបរិភោគ​នានា​ជូន​ដល់​ពួកគាត់ និង ជនពិការ ១០០$ ព្រមទាំង​៥​គ្រួសារ​ជិតខាង​ផ្សេងទៀត ចំនួន​២០​ម៉ឺន​រៀល ក្នុង មួយ​គ្រួសារ​ផងដែរ​។​

គួរ​បញ្ជាក់​ថា ការ​ទទួល​បាន​ងារ​ជា​«​ឧកញ៉ា​»​នេះ ធ្វើឡើង ក្រោយពី​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី តែងតែ​សកម្ម​នឹង​ការងារ​សប្បុរសធម៌​នា​ពេល​ចុង​ក្រោយនេះ ជាពិសេស ការ​​បរិច្ចាគ​ថវិកា​ជួយ​កាកបាទក្រហម​រាជធានី​ភ្នំពេញ ការ​បរិច្ចាគ​ថវិកា​ជួយ​កាកបាទក្រហម​សាខា​ខេត្ត​កណ្ដាល ការ​បរិច្ចាគ​ថវិកា​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ការ​បរិច្ចាគ​ថវិកា​ជួយ​ថវិកា​ជួយ​បំពាក់​អំពូល​ភ្លើង​ពី​ផ្លូវ​វិហារសួគ៌​ទៅ​ខេត្តព្រៃវែង ក៏ដូចជា​ការ​កសាង​ផ្លូវ​មួយ​ចំនួន ការ​បរិច្ចាគ​ថវិកា​ជួយ​ជន​ក្រីក្រ​ជាដើម​។​

សូម​រំលឹក​ថា ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ផ្លាស់​ប្តូរ ឬ​ដំឡើង​ថ្លៃ​ចំពោះ​គោរមងារ «​ឧកញ៉ា​» ដល់​សប្បុរសជន​ណា​ដែល​មាន​បំណង​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ មាន​តម្លៃ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ទទួល​គោរមងារ​ជា «​ឧកញ៉ា​» ខណៈ​ពី​មុន​គោរមងារ «​ឧកញ៉ា​» តម្រូវ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

យោង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល ដែល​បោះត្រា និង​ចុះហត្ថលេខា​ដោយ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៧ ​បាន​សម្រេច​ថា ចំណុច​ទី​១​មាត្រា​ទី​២​នៃ​អនុក្រឹត្យ​លេខ​១៥ ចុះ​ថ្ងៃ​ទី​០៤ មេ​សា ឆ្នាំ​១៩៩៤ ត្រូវ​បាន​ធ្វើការ​កែសម្រួល​ដូច​តទៅ​៖

តាម​សេចក្តីសម្រេច​១​ថ្មី​-​សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ​ជា​ថវិកា​ឬ​សម្ភារ ដែល​មាន​តម្លៃលើស​ពី​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់​លេខ​១ ។ អនុក្រឹត្យ​ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជា​ថវិកា​ឬ​សម្ភារ ដែល​មាន​តម្លៃលើស​ពី​៥០​ម៉ឺន ដុល្លារ​សហរដ្ឋអាមេរិក​ឡើង​ទៅ ត្រូវ​បាន​រាជរដ្ឋាភិបាល ស្នើ​សុំ​ព្រះរាជ​យោបល់​ដ៏​ខ្ពង់ខ្ពស់​នៃ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ដើម្បី​ទ្រង់​ព្រះ​រាជទាន គោរមងារ​ជា «​ឧកញ៉ា​» ។ បទ​ប្បញ្ញតិ​ទាំងឡាយ​ណា​ដែល​ផ្ទុយ​នឹង​អនុក្រឹត្យ​នេះ ត្រូវ​ទុកជា​និ​រាករ​ណ៍។

ពាក្យ​«​ឧកញ៉ា​» បើ​តាម​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​សរសេរ​ថា មាន​ថ្នាក់​ជា​នាម​ជា​ពាក្យ​ប្រើ​សម្រាប់​តែ​ឋានន្តរសក្ដិ​នៃ​មន្ត្រី​ថ្នាក់ខ្ពស់​សំដៅ​សេចក្ដី​ថា «​អ្នកចេះ​ដឹង ត្រួតត្រា​មុខការ​ក្នុង​ក្រសួង ស្ថាប័ន ឬ​នាទី​របស់​ខ្លួន​» មក​ពី​ពាក្យ ឧក​ឬ​អុក ត្រួតត្រា​ពេញ​អំណាច បូក​នឹង ញា ដឹង ចេះ ស្គាល់ ទៅ​ជា «​ឧកញ៉ា​»៕

Related posts

Leave a Comment