រំភើបជំនួស! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់តារាចម្រៀងជើងចាស់ លោក សួស សងវាចា នូវគ្រឿងឧបភោគ និងថវិកា

ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់រួចមកហើយ តារាចម្រៀងជេីងចាស់ដ៏ល្បីឈ្មោះក្នុងទស្សវត ទី៩០ លោក សួស សងវាចា ដែលកាលពីប៉ុន្មានឆ្នាំមុននេះ លោកបានធា្លក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ រហូតមិនអាចបន្តប្រកបអាជីពចម្រៀងបាន ដោយពឹងផ្អែកតែលើមុខរបរលក់គ្រឿងទេសបន្តិចបន្តួចនៅក្នុងផ្ទះរបស់ប្រពន្ធ ធ្វើឲ្យជីវភាពមានការខ្វះខាតជាខ្លាំង។

បេីយោងតាមគេហទំព័រជាផ្លូវការរបស់កាកបាទក្រហមកម្ពុជា បានឲ្យដឹងថា៖ «កក្រក ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅរសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៩ នេះ បានផ្តល់អំណោយជាគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនដល់តារាចម្រៀងជេីងចាស់ លោក សួស សងវាចា អាយុ ៥៤ឆ្នាំ

ដែលមានជំងឺលើសឈាម និងទឹកនោមផ្អែម កំពុងសម្រាកនៅគេហដ្ឋានស្ថិតនៅ ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការជូនពរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះលោក សួស សងវាចា

ដែលជាតារាចម្រៀងជើងចាស់ តែងតែបញ្ចេញសំនៀងតាមលំនាំមរតកជំនាន់ដើម ដែលបង្ហាញពីការខិតខំថែរក្សាមរតកចម្រៀង ឱ្យនៅគង់វង្សយូរអង្វែង ជាពិសេស បានរួមចំណែកផ្សព្វផ្សាយសកម្មភាពមនុស្សធម៌ កាកបាទក្រហមកម្ពុជា តាមរយៈ បទចម្រៀងជាច្រើនក្នុងពេលកន្លងមកទៀតផង។

លោក សួស សងវាចា និងភរិយា បានសម្តែងនូវក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលគិតគូរ យកចិត្តទុកដាក់ជាបន្តបន្ទាប់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ក៏ដូចជាសិល្បករជើងចាស់ ជួបទុក្ខលំបាកដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ»៕

Related posts

Leave a Comment