តូតា បង្ហាញមុខអតិថិជនពិសេសបំផុត បានកៅឆាយក្រវិលមាសក្រហមឆ្អៅមួយគូ

រាជធានីភ្នំពេញ ៖ បច្ចុប្បន្នតារាសម្ដែងល្បី ម៉ាក់ សែនសូនីតា កំពុងពពោះកូនដំបូង រួមស្វាមីបណ្ដូលចិត្តលោក ប៉ុល វិបូ និងខិតជិតដល់វេលាកំណត់សម្រាលផងនោះ តូតា ទទួលបានការមើលថែទាំទឹកក្ដៅទឹកត្រជាក់ ផ្ដល់ភាពកក់ក្ដៅ និងការស្រឡាញ់ដ៏ផ្អែមល្ហែមពីសំណាក់ស្វាមី ក៏ដូចជាក្រុមគ្រួសារទាំងសងខាងផងដែរ។

បើទោះបីជាពោះកាន់តែធំទៅហើយ ប៉ុន្តែភរិយាម្ចាស់ផលិតកម្ម Angkor Picture រូបនេះ ក៏មិនប្រលែងដៃពីមុខជំនួញ និងរបររកស៊ីឡើយពោលគឺ តូតា កំពុងបើកហាងលក់គ្រឿអលង្ការដ៏ធំមួយដែលជាបំណងប្រាថ្នារបស់នាងតាំងតែពីតូចមកម្ល៉េះ។ ជាពិសេសកាលពីព្រឹកមិញនេះ តូតា តារាសម្ដែងល្បីឈ្មោះបានបង្ហាញអារម្មណ៍រំភើបរីករាយក្រៃលែងស្របពេលដែលហាងទើបតែបើកស្រាប់តែទទួលបាននូវអតិថិជនពិសេសកៅឆាយដំបូងទៅហើយ តាមការបញ្ជាក់ដោយទំព័រហ្វេសប៊ុកផ្លូវការ តូតា អលង្ការ – ToTa Jewelry Shop ថា៖ « បើកភ្លាម ហេងភ្លាមតែម្តង មិនទាន់បានរៀបគ្រឿងក្នុងទូរអស់ផង គូស្នេហ៍1គូរកាយឆាវហេងហេងៗតែម្តង»។

ក្នុងវីដេអូខ្លីនេះក៏បានបង្ហាញថា អតិថិជនដ៏វិសេសវិសាលនេះបានទិញនូវក្រវិលមួយគូដ៏ស្រស់ស្អាតឲ្យលុយភ្លាមៗ ខណៈអតិថិជនទាំង២នេះត្រូវគេស្គាល់ថាជាឪពុកម្ដាយក្មេករបស់តូតា។ ទន្ទឹមនឹងវត្តមានដ៏មានតម្លៃនៃឪពុកម្ដាយ និងការកៅឆាយនេះត្រូវបានអ្នកលេងបណ្ដាញសង្គមបានជូនពរបន្ថែមថា៖ «ហេងៗ»៕

Related posts

Leave a Comment