នាថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញទៅទទួលផ្ទាល់ ភ្ញៀវទេសចរ ជាង៦០០នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង ពេលនេះពួកគាត់បានត្រឡប់មកដីគោកវិញ ដោយសុវត្ថិភាពហើយ នៅចំណតផែរ៉ូយ៉ាល់ ជិតកំពង់ផែក្រុងព្រះសីហនុ ក្នុងនោះក៏មានក្រុមគ្រូពេទ្យពីមន្ទីរពេទ្យបង្អែកខេត្តមកពិនិត្យសុខភាពនិងរង់ចាំជួយសង្គ្រោះផងដែរ។
ឯកឧត្តម គួច ចំរើន ក៏បានបញ្ជាក់បន្ថែម ក្នុងហ្វេសប៊ុករបស់លោកថា “ភ្ញៀវទេសចរ ជាតិ អន្តរជាតិ ចំនួន ៦២១ ស្រីចំនួន ២១៥នាក់ កុមារ ៩៦នាក់ ទារក ៦នាក់ ដែលជាប់នៅលេីកោះរ៉ុង អស់ជាច្រេីនថ្ងៃ ដោយសារ ព្យុះ ភ្លៀង ខ្យល់រលកខ្លាំង បានមកដល់ដីគោក ដោយសុវត្ថិភាពទាំងអស់គ្នាហេីយ ។”។
រឹតតែគួរឲ្យចាប់អារម្មណ៍នោះ គេក៏បានឃើញ តារាចម្រៀង ខាន់ ជេមស៌ បានជួបផ្ទាល់ជាមួយ ឯកឧត្តម គួច ចំរើន ផងដែរ ព្រមទំាងភ្ជាប់សារខ្លីមួយថា ៖
“ខ្ញុំបាទសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកពូ ឯកឧត្តម អភិបាលខេត្ត គួច ចំរើន និងលោកស្នងការ ជួន ណារិន្ទ ព្រមទាំងលោក ឧកញ៉ា ទៀ វិចិត្រ ព្រមទាំងអាជ្ញាធរ ដែនដី ដែលបានយកចិត្តទុកដាក់ ក្នុងជួសម្រួលដល់ពួកយើងបានមកដល់ក្រុងព្រះសីហនុវិញដោយសុវត្ថិភាព។ អរគុណសន្តិភាព”៕