មើលមុខស្វាមី ឱក សុគន្ធកញ្ញា នៅក្មេងទើបដឹងថាកូនប្រុសកាត់តាមអ្នកណាជាង

រាជធានីភ្នំពេញ ៖ តារាចម្រៀងលំដាប់កំពូល ឱក សុគន្ធកញ្ញា បានចាប់ដៃគ្នារួមប្អូនប្រុសថៅកែផលិតកម្ម ហង្សមាស លោក អ៊ឹង សុខលី ចូលរោងជ័យយ៉ាងឱឡារិកអធិកអធម្ម កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅឯសណ្ឋាគារ សុខាភ្នំពេញ ចំពោះមុខមេបាទាំងសងខាង និងភ្ញៀវកិត្តិយច្រើនកុះករ រួមជាមួយវត្តមានអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំប្រទេសគឺ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំធំៗជាច្រើនផងដែរ។

ជាមួយគ្នានេះដែរ ក្រោយរៀបអាពាហ៍ពិពាហ៍រួចមក ជីវិតរបស់គូស្វាមីភរិយាអ្នកទាំងពីរកាន់ផ្អែមល្ហែមទ្វេឡើង ដោយការធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជាច្រើនផងដែរ ហើយអ្វីដែលធ្វើឲ្យអ្នកទាំងពីរកាន់តែមានសុភមង្គលពេញលេញនោះ គឺទទួលបានកូនប្រុសម្នាក់ជាចំណងដៃស្នេហ៍ និងសម្រាលកាលពីថ្ងៃ ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅឯមន្ទីរពេទ្យមួយកន្លែង ក្នុងប្រទេសថៃ ដោយដាក់ឈ្មោះយ៉ាងពីរោះថា អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលដំណឹងដ៏រីករាយនេះក៏ទទួលបានការសាទរយ៉ាងកុះករពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តរួមសិល្បៈផងដែរ។

បច្ចុប្បន្នកូនប្រុសច្បងរបស់ ឱក សុគន្ធកញ្ញា មានអាយុជិត៩ខែហើយ ចំពោះមុខមាត់គឺកាន់តែគួរឲ្យស្រឡាញ់ពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានមហាជនមួយចំនួនបញ្ចេញមតិថា៖ «មុខគួរឲ្យខ្នាញ់កាត់ទៅរកម្ដាយ តែអ្នកខ្លះថា ថ្ពាល់ខួចមុខស្រស់ស្រាយកាត់តាមឪពុក»។ តែមន្ទិលនេះត្រូវបានរំសាយភ្លាមៗតែម្ដង ក្រោយលោក អ៊ឹង សុខលី បានបង្ហោះរូបភាពកាលពីវ័យជំទង់របស់ខ្លួន មានមុខមាត់មិនខុសពីកូនប្រុសបណ្ដូលចិត្តឡើយ ជាពិសេសស្នាមថ្ពាល់ខួចដូចគ្នាបេះបិទតែម្ដង ដែលក្នុងនោះក៏ត្រូវបានមហាជនបញ្ចេញមតិស្រដៀងៗគ្នាថា៖ «ច្បាស់ណាស់ ឆលី មានមុខមាត់កាត់ទៅរកឪពុកដូចបោះពុម្ភ»៕

Related posts

Leave a Comment