សែនស្រណោះ! ទឹម វត្តី ប្អូនស្រី ទឹម រដ្ឋា ស្រែកយំបោកខ្លួន​ស្ទើរគាំង​ពេលបូជាសពម្ដាយ (មានវីដេអូ)

រាជធានីភ្នំពេញ ៖ តារាសម្ដែងកញ្ញា ទឹម រដ្ឋា និង ទឹម វត្តី បានជួបទុក្ខធំដោយអ្នក​ម្ដាយជាទីស្រលាញ់​បាន​លាចាកលោកកាលពីយប់រំលងអធ្រាត្រថ្ងៃទី៣១ កក្កដា ឆ្នាំ២០២០ ឈានចូលថ្ងៃទី១ សីហា កន្លងទៅថ្មីៗនេះ​ដោយសារតែគាំងបេះដូង ដែលនេះជាការចាកចេញ​យ៉ាងឆាប់រហ័ស​ស្ទើរស្មានមិន​ដល់ សោកស្ដាយពី​សំណាក់កូនៗ​ និងមានការចូលរួមរំលែកទុក្ខពីសំណាក់អ្នកសិល្បៈជាហូរហែ​ចំពោះការបាត់បង់​នេះ។

ប៉ុន្តែ​ទន្ទឹមនឹងមរណភាព​អ្នកម្ដាយ​នេះ ក្រឡេក​ទៅមើល​​ទិដ្ឋភាព​ពេល​បូជាសព​វិញនោះ​រឹងរឹតតែក្ដុកក្ដួលរំជួល​ចិត្ត​ឥតឧបមា ដោយ​កូនស្រីទាំង២​នៃសព​គឺកញ្ញា ទឹម វត្តី និង ទឹម រដ្ឋា បានស្រែកយំ​ឡើងខ្សោះខ្លួន​ដោយមិនចង់​ឲ្យព្រះអគ្គី​ត្របាក់កាយ​ម្ដាយដែលធ្លាប់ថែ​ថ្នមបមថ្នាក់​ច្រើនឆ្នាំ​មកនេះ។ ទឹម រដ្ឋា ដែលយំសោកស្ដាយ​រហូតបង់បាត់ស្មារតីត្រូវសាច់ញាតិអង្គុយចាប់រឹតខ្យល់ផ្ដល់ដង្ហើមក្បែរមេន​តម្កល់​សពម្ដាយ ប៉ុន្តែ​ប្អូនស្រីរបស់នាង គឺ ទឹម វត្តី បានយំស្ទើរ​គាំង​ស្រែកភ្លាត់សម្លេងមិនចង់ឲ្យម្ដាយចាកចេញកំពុងពេញស្រឡាញ់​បែបនេះ ដែលវីដេអូនេះ​គឺជាការបង្ហោះចេញពីគណនីហ្វេសប៊ុក​របស់លោក លី សុជុន ឪពុកបង្កើត​របស់អ្នកនាង​ លី ច័ន្ទសីហា តារាសម្ដែងជួរមុខ​របស់កម្ពុជា។

ក្រោយបញ្ចប់ពិធីបូជា​ទាំងមិនដាច់អាល័យតែត្រូវធ្វើចិត្តប្រឈមការបាត់បង់នេះ​លើ​គណនីហ្វេសប៊ុក​របស់​កញ្ញា ទឹម រដ្ឋា ក៏បាន​ចេញសារអំពាវ​នាវ​ចូលរួម​ពិធីបុណ្យ៧ថ្ងៃម្ដាយខ្លួនថា៖ «នាងខ្ញុំ ទឹម រដ្ឋា និង ក្រុមគ្រួសារសូមគោរពអញ្ជើញឯកឧត្ដម លោកជំទាវ លោក-លោកស្រី អ្នកនាង កញ្ញា បងប្អូនពុទ្ធបរិស័ទ ញាតិមិត្តជិតឆ្ងាយ ទាំងអស់អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីបុណ្យខួបគម្រប់7ថ្ងៃ និង100ថ្ងៃ របស់អ្នកម្តាយ ផាន់ អៀង ដែលកម្មវិធីបុណ្យមានដូចតទៅថ្ងៃទី5 ខែសីហា ឆ្នាំ2020 វេលាម៉ោង 3រសៀល ជួបជុំញាតិមិត្តបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយ និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សំដែងធម៌ទេសនា»។

តារាសម្ដែង​ដែលបានជួបទុក្ខធំប្រចាំជីវិតក្នុងឆ្នាំ២០២០នេះ​បានបន្តទៀតថា៖ «វេលាម៉ោង 5 ល្ងាច អញ្ជើញភ្ញៀវកិត្តយសពិសាអាហារពេលល្ងាច ។ លុះព្រឹកឡើងដែលត្រូវនឹងថ្ងៃទី 6 ខែ សីហា ឆ្នាំ 2020 វេលាម៉ោង 7ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ លុះដល់ម៉ោង 9ព្រឹក និមន្តព្រះសង្ឃរាប់បាត្រឆ្លង ជាកិច្ចបង្ហើយនៃកម្មវិធីបុណ្យ ។ បញ្ជាក់កម្មវិធីបុណ្យនេះប្រារព្ធធ្វើនៅគេហដ្ឋាន​នាងខ្ញុំផ្ទាល់ ដែលមានទីតាំងនៅ ( បុរីដឹមេគង្គ រ៉ូយាល់) ដែលមានផ្ទះលេខ : 34 ផ្លូវ 08 នៅលើផ្លូវជាតិ លេខ 6A រាជធានីភ្នំពេញ ។ សូមអរគុណ និងសូមអធ្យាស្រ័យដោយក្ដីអនុគ្រោះផង»៕

Related posts

Leave a Comment