ដូចដែរ ប្រិយមិត្ដបានទទួលជ្រាបរួចមក ដែលកាលពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ អ្នកស្រី ឱរ លក្ខិណា អគ្គនាយករង នៃស្ថានីយ៍ទូរទស្សន៍ ជាតិកម្ពុជា (ទទក) បានប្រតិកម្មយ៉ាងខ្លាំង និងស្នើឱ្យ កម្មវិធី ពេញចិត្ដឬអត់ របស់ស្ថានីយ៍ទូរទស្សន៍ MYTV ដែលមានវីជេ តាប៊ុយ ជាពិធីករ ធ្វើការសុំទោសជាសាធារណៈ នូវពាក្យពេចន៍របស់ខ្លួន ដោយបានលើកឡើងថា៖”និយាយសុភាពចឹង អាចធ្វើការនៅ ទទក បាន” ពាក្យពេចន៍ផ្លែផ្កា បែបលេងសើច។
ជាមួយគ្នានេះដែរ កាលពីរសៀលម្សិលមិញនេះ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ វីជេ តាប៊ុយ ក៏បានបង្ហោះសារ ដើម្បីធ្វើសុំទោសស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាសាធារណៈហើយ នូវរាល់កំហុសឆ្គងរបស់ខ្លួន ទាក់ទងនឹងការប្រើប្រាស់ពាក្យសម្ដីលេងសើច ហួសដែនកំណត់។
វីជេ តាប៊ុយ បានសរសេរថា៖”ក្នុងនាមខ្ញុំជាពិធីករ ក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើច ដែលប៉ះពាល់ដល់ទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថា បងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ។ ជាចុងក្រោយម្តងទៀត ចង់និយាយថាស្រលាញ់និងគោរពរៀមច្បងជាពិសេសពេញចិត្តនឹងទឹកដមសំលេងរបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ។ គាំទ្រនិងចូលចិត្តទស្សនាបងៗតាំងតែពីនៅក្មេង TVK”។