ហេតុផល ៥ យ៉ាងដែលធ្វើអោយតារាចម្រៀងលោកនី រតនា មានកេរ្ត៏ឈ្មោះល្បីលឿនហើយមានប្រជាប្រិយជាខ្លាំង

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា បច្ចុប្បន្ននេះលោក នី រតនា គឺជាតារាចម្រៀងស្រករក្រោយមួយរូប ដែលទទួលបានការគាំទ្រខ្ពស់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ។ តើមានចំណុចអ្វីខ្លះ ដែលរុញច្រានឱ្យ នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី ១ ឆាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងវិថីសិល្បៈនោះ ? ចង់ដឹងថាមានចំណុចល្អណាខ្លះនោះ សូមតាមដានអានទាំងអស់គ្នា។

១- ឈ្មោះក្នុងសិល្បៈ : តាមពិត នី រតនា គឺជាឈ្មោះដែលតារាចម្រៀងរូបនេះ បានផ្លាស់ប្តូរក្រោយពេលបញ្ជ្រៀតខ្លួនចូលប្រឡងក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី ១ ដែលឈ្មោះពិតរបស់លោកគឺ នី ម៉ាប់ ។ ទាក់ទងនឹងឈ្មោះនេះដែរ តារាចម្រៀងរូបនេះក៏ធ្លាប់បានឱ្យដឹងថា ឈ្មោះ នី រតនា នេះជាឈ្មោះដែលពីរោះ និង មានហុងស៊ុយជាងឈ្មោះពីកំណើត ដូច្នេះហើយទើបបានជាមានការផ្លាស់ប្តូរ ។

២- សមត្ថភាព និង ទេពកោសល្យ : តារាចម្រៀងដែលកើតចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក នី រតនា ពិតជាពោរពេញដោយសមត្ថភាព និង ទេពកោសល្យខ្ពស់ខាងវិស័យចម្រៀងនេះ ព្រោះលោកអាចបកស្រាយបានគ្រប់បទ គ្រប់ចង្វាក់ ជាពិសេសជាមួយបទមនោសញ្ចេតនាស្នេហា អមដោយសំនៀងដ៏ពីរោះផ្អែមលួងលោមថ្នមបំពេរ ដែលតម្រូវបានគ្រប់ស្រទាប់វ័យ ។ នី រតនា ទទួលបានការចូលចិត្ត និង កោតសរសើរ មិនដាច់ពីមាត់ទេលើចំណុចនេះ។

៣- មានបទចម្រៀងច្រើន ត្រូវចិត្តអ្នកគាំទ្រ : បទចម្រៀងជាច្រើនដែលបកស្រាយដោយ នី រតនា ក្នុងផលិតកម្មហង្សមាស សុទ្ធតែទទួលបានការពេញនិយមពីសំណាក់អ្នកគាំទ្រ មិនថាចាស់ឬក្មេង ។ អ្វីដែលគេចាប់អារម្មណ៍ទ្វេទៀតនោះការសម្តែងកាយវិការដ៏ស័ក្តិសមតាមរយៈបទនីមួយៗ ពិតបានធ្វើឱ្យអ្នកគាំទ្រថ្លែងនូវការកោតសរសើរមិនដាច់ពីមាត់។

៤- រូបរាងសង្ហា និង ញញឹមស្រស់ : មិនត្រឹមតែច្រៀងពីរោះនោះទេ តារាចម្រៀង នី រតនា ក៏មានរូបរាងសង្ហា និង មានស្នាមញញឹមទាក់ទាញណាស់ដែរ ។ មានការលើកឡើងថា នី រតនា បានធ្វើឱ្យនារីមួយចំនួនលង់ស្រឡាញ់ដោយមិនដឹងខ្លួន ព្រោះតែរូបរាងដ៏សមសួន និង ស្នាមញញឹមដ៏ស្រស់ស្រាយរបស់លោក។ មិនតែប៉ុណ្ណោះកាយវិការក្រម៉ិចក្រមើមរបស់លោកក៏ជាទាក់ទាញមួយផងដែរ ។ យ៉ាងណាពេលនេះ នី រតនា មានគូកំណាន់ចិត្តរួចហើយ ដែលជានារីរូបស្រស់ម្នាក់ ។

៥-ជាតារាដែលមានចរិតល្អ : បួនចំណុចខាងលើជាចំណុចទាញយកប្រជាប្រិយភាពខ្លាំងរបស់លោក នី រតនា តែចំណុចដែលធ្វើឱ្យតារាចម្រៀងរូបនេះរឹតតែទទួលបានប្រជាប្រិយភាព និង ការគាំទ្រខ្លាំងនោះគឺចរិតល្អរួសរាយរាក់ទាក់ ការគោរពរៀមច្បង និង ការងាររបស់លោក ។ បើតាមការលើកឡើងរបស់តារារៀមច្បងកាលពីពេលកន្លងនោះថា នី រតនា ជាតារាជើងថ្មីដែលចេះគោរពខ្លួនឯង និង ឱ្យតម្លៃលើការងារ ។ អ្វីដែលពិសេស នី រតនា មិនមានចរិតឆ្មើងឆ្មៃដាក់តារារៀមច្បង ឬ អ្នកគាំទ្រណាម្នាក់ឡើយ ហើយក៏មិនធ្លាប់ធ្លាយរឿងអាស្រូវមិនល្អណាមួយឡើយ បន្ទាប់ពីលោកមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ ។

Related posts

Leave a Comment