នេះពិតជាដំណឹងដែលគួរអោយសោកសៅបំផុត សម្រាប់បងប្អូនអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ខ្មែរ ដោយសារតែ កីឡាករ សែម ផា អតីតកីឡាករយុវជនរបស់មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ និងជាកីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ឆ្នាំ បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ។ នេះបើយោងតាមប្រភពព័ត៌មាន របស់ទំព័រហ្វេសប៊ុកផេក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះអោយដឹង ដោយមានខ្លឹមសារដូចនេះថា៖ «សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មានក្តីរន្ធត់ចិត្ត និងក្រៀមក្រំយ៉ាងក្រៃលែងដោយបានទទួលដំណឹងជាទីសោកសៅបំផុតដែលអតីតកីឡាករយុវជនរបស់មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិ និង កីឡាករជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ សែម ផា បានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍។
នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះយើងខ្ញុំទាំងអស់គ្នាពិតជាមានទឹកចិត្តសោកសង្រេង និងសូមចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់សពបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ។» ។ សូមជម្រាបផងដែរថា សែម ផា គឺជាយុវជនមួយរូបដែលកើតចេញពីការបណ្ដុះបណ្ដាលរបស់សាលាបាល់ទាត់ជាតិ ជំនាន់ជាមួយ សៀង ចន្ធា, សឿត ណាវ៉ា, ទេស សម្បត្តិ និង សាន គីមហេង និងកីឡាករផ្សេងៗជាច្រើនរូបទៀត ៕