ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Google គ្រោងនឹងចំណាយប្រាក់ចំនួន១៥០-២០០លានដុល្លារដើម្បីដោះស្រាយការចោទប្រកាន់ដែលថា YouTube បានរំលោភច្បាប់ឯកជនភាពរបស់កុមារ ខណៈពេលកំពុងប្រមូលទិន្នន័យដើម្បីកំណត់គោលដៅការផ្សាយពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
សារព័ត៌មាន the New York Times បានចុះផ្សាយថា គណៈកម្មការពាណិជ្ជកម្មសហព័ន្ធអាមេរិក (FTC)បានយល់ព្រមលើចំនួនទឹកប្រាក់នៃការដោះស្រាយនេះចំពោះក្រុមហ៊ុនមេរបស់ YouTube គឺ Google ហើយបើមានការយល់ព្រមពីក្រសួងយុត្តិធម៌មួយទៀតនឹងជាដំណោះស្រាយដ៏ធំបំផុតក្នុងករណីដែលពាក់ព័ន្ធនឹងឯកជនភាពរបស់កុមារនេះ។
ដោយឡែក សារព័ត៌មាន Politico ក៏បានរាយការណ៍ដែរថា ការចោទប្រកាន់ប្រឆាំងក្រុមហ៊ុន YouTube ត្រូវបានធ្វើឡើងដោយក្រុមបុគ្គលឯកជនដែលបានលើកឡើងថា វេទិកានេះបានរំលោភច្បាប់ការពារសិទ្ធិឯកជនរបស់កុមារដោយប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់អាយុក្រោម១៣ឆ្នាំដោយគ្មានការអនុញ្ញាតពីឪពុកម្តាយរបស់ពួកគេ។
FTC ត្រូវគេរំពឹងថានឹងប្រកាសការសម្រេចរបស់ខ្លួនស្តីពីដំណោះស្រាយក្នុងពេលឆាប់ៗនេះ។ និយតករអាមេរិកបានអះអាងជាយូរមកហើយថា Google បានបរាជ័យក្នុងការការពារកុមារពីមាតិកានិងការប្រមូលទិន្នន័យដែលបង្កគ្រោះថ្នាក់នៅលើវេទិកា YouTube របស់ខ្លួន៕