ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះដ៏ធំមួយនៅក្នុងតំបន់លំនៅដ្ឋានមួយនៃទីក្រុងកាប៊ុលបានសម្លាប់មនុស្សយ៉ាងតិច ១៦ នាក់ បន្ទាប់ពីការវាយប្រហាររបស់ពួកតាលីបង់មួយផ្សេងទៀតដែលបានកើតឡើងនៅពេលក្រុមបះបោរ និងក្រុងវ៉ាស៊ីនតោនព្យាយាមបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព។
ប្រេសិតពិសេសអាមេរិកលោក Zalmay Khalilzad បានស្ថិតនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថានដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលបានស្នើឡើងដែលនឹងឃើញសហរដ្ឋអាមេរិកដកកងទ័ពចេញជាថ្នូរនឹងការធានាសន្តិសុខរបស់តាលីបង់នៅពេលដែលការបំផ្ទុះគ្រាប់បែកបានកើតឡើងកាលពីថ្ងៃចន្ទ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Nasrat Rahimi បាននិយាយថា ការផ្ទុះនេះបណ្តាលមកពីត្រាក់ទ័រដែលផ្ទុកទៅដោយគ្រឿងផ្ទុះដែលចតនៅតាមជញ្ជាំងនៅតំបន់ Green Village ជាបរិវេណដ៏ធំមួយដែលមានភ្នាក់ងារផ្តល់ជំនួយ និងអង្គការអន្តរជាតិនៅទីនោះ។
លោក Rahimi បានបន្ថែមថា ក្រៅពីអ្នកស្លាប់ ១៦ នាក់មានមនុស្ស ១១៩ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះដោយកត់សម្គាល់ថាប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានអូសបន្លាយពេញមួយយប់។
ការបំផ្ទុះគ្រាប់បែកនេះគឺជាការវាយប្រហារលើកទី ៣ របស់ពួកតាលីបង់ក្នុងរយៈពេលជាច្រើនថ្ងៃមកនេះ ។ ក្រុមបះបោរបានបើកការវាយប្រហារជាច្រើនលើទីក្រុងសំខាន់ចំនួនពីរនៅភាគខាងជើងកាលពីចុងសប្តាហ៍ដោយបានសម្លាប់ និងបង្ករបួសដល់កងកម្លាំងសន្តិសុខ និងជនស៊ីវិលរាប់សិបនាក់។
ប្រជាជននៅតំបន់ជុំវិញ Green Village របស់ក្រុងកាប៊ុលមានការខឹងសម្បាយ៉ាងខ្លាំងដែលសង្កាត់របស់ពួកគេត្រូវបានគេកំណត់គោលដៅ និងបានរងការវាយប្រហារម្តងទៀត ហើយបានស្តីបន្ទោសការវាយប្រហារទៅលើវត្តមានអង្គការអន្តរជាតិដែលនៅក្បែរនោះ។
ប្រជាជនក្នុងតំបន់បានដុតកង់ឡាន បញ្ជូនផ្សែងអ័ព្ទ និងហុយទៅលើមេឃនៅពេលព្រឹក ហើយបានបិទផ្លូវធំៗនៅក្បែរកន្លែងវាយប្រហារនោះផងដែរ ។ សំឡេងស្នូរកាំភ្លើងអាចត្រូវបានគេឮតាមទូរទស្សន៍ផ្សាយផ្ទាល់នៅព្រឹកថ្ងៃចន្ទ។
អ្នកស្រុកឈ្មោះ Abdul Jamil បានប្រាប់ AFP ថា “យើងចង់ឲ្យ ជនបរទេសទាំងនេះចាកចេញពីសង្កាត់របស់យើង ។ នេះមិនមែនជាលើកទីមួយទេដែលយើងរងទុក្ខដោយសារពួកគេ ហើយយើងមិនចង់ឲ្យ ពួកគេនៅទីនេះទៀតទេ”៕