ប្រទេស​ចិន​គាំទ្រ​កូរ៉េខាងជើង​ចំពេល​មាន​កិច្ចចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង

ប្រទេស​ចិន​បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃ​អង្គារ​នៅពេលដែល​រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​បានធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ព្យុងយ៉ាង​ដោយ​ប្តេជ្ញា​រក្សា​នូវ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធមិត្ត​ដ៏​យូរអង្វែង​របស់ខ្លួន​នៅ​ចំពោះមុខ​កិច្ចចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន។

ក្រុង​ប៉េកាំង​ធ្លាប់ជា​អ្នកគាំទ្រ​ការទូត​ដ៏​សំខាន់​របស់​កូរ៉េខាងជើង និង​ជា​អ្នកផ្តល់ជំនួយ​ខាង​ពាណិជ្ជកម្ម​ដ៏​សំខាន់​ហើយ​ស្រប​ពេលដែល​ចំណងទាក់ទង​កាន់តែ​យ៉ាប់យ៉ឺន​ដោយសារ​ការបង្ក​ហេតុ​នុយក្លេអ៊ែរ​របស់​ទីក្រុង​ព្យុងយ៉ាង និង​ការគាំទ្រ​ជា​បន្តបន្ទាប់​របស់​ចិន​ចំពោះ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ អ្នក​ទាំងពីរ​បានធ្វើកា​រ​ដើម្បី​ជួសជុល​ទំនាក់ទំនង​របស់​ពួកគេ។

ចាប់តាំងពី​ខែមីនា ឆ្នាំ ២០១៨ ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ជួបគ្នា​ចំនួន ៥ ដងដោយ​លោក ស៊ី បាន​ព្យាយាម​ថ្លឹងថ្លែង​លើ​ការទូត​របស់​ទីក្រុង​ព្យុងយ៉ាង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក Wang Yi បានមក​ដល់ទី​ក្រុង​ព្យុងយ៉ាង​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៣ ថ្ងៃ​កាលពី​ថ្ងៃ​ចន្ទ​គឺ​ត្រឹមតែ​ពីរ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក ស៊ី បាន​ក្លាយជា​មេដឹកនាំ​ចិន​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​ក្នុង​រយៈពេល ១៤ ឆ្នាំ។

ក្រសួងការបរទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក Wang បាន​ប្រាប់​សម​ភាគី​កូរ៉េខាងជើង​របស់លោក​គឺ​លោក Ri Yong Ho ថា ទីក្រុង​ប៉េកាំង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​លើកកម្ពស់​ការប្រាស្រ័យ​ទាក់ទង និង​កិច្ចសហប្រតិបត្តិការ​នៅលើ​ឆាក​អន្តរជាតិ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​បាន​និយាយថា ដោយ​ឆ្លុះបញ្ចាំង​ពី​សម្ព័ន្ធភាព​រយៈពេល ៧០ ឆ្នាំ​របស់​ពួកគេ​លោក Wang បាន​កត់សម្គាល់ថា ទីក្រុង​ប៉េកាំង និង​ទីក្រុង​ព្យុងយ៉ាង​តែងតែ​ស្ថិតនៅលើ​ទូក​តែមួយ ហើយ​ឆ្ពោះទៅមុខ​ជាមួយគ្នា។

យោងតាម​ឯកសារ​នោះបាន​ឲ្យ​ដឹងថា លោក Ri បាន​និយាយថា ប្រទេស​កូរ៉េខាងជើង​មាន​ឆន្ទៈ​ធ្វើការ​ជាមួយ​ប្រទេស​ចិន​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរឡើង​នៃ​ទំនាក់ទំនង​របស់​ពួកគេ​នៅក្នុង​យុគសម័យ​ថ្មី។

ទីក្រុង​ព្យុងយ៉ាង និង​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចូលរួម​ក្នុង​ដំណើរការ​ការទូត​ដ៏​យូរអង្វែង​មួយ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទោះបី​មានការ​រីកចម្រើន​តិចតួច​ក៏ដោយ។

កិច្ចពិភាក្សា​ទាំងនោះ​ត្រូវបាន​ជាប់គាំង បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​លើក​ទី ២ រវាង​លោក គីម និង​ប្រធានាធិបតី​អាមេរិក Donald Trump បាន​បរាជ័យ​នៅ​ទីក្រុង​ហាណូយ​កាលពី​ខែកុម្ភៈ​ដោយ​អ្នក​ទាំងពីរ​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​ស្តីពី​ការបន្ធូរបន្ថយ​ទណ្ឌកម្ម និង​អ្វីដែល​កូរ៉េខាងជើង​អាច​បោះបង់ចោល​ជា​ថ្នូរ​នឹង​បញ្ហា​នេះ៕

Related posts

Leave a Comment