ឥណ្ឌូណេស៊ី​សន្យា​ផ្តល់ប្រាក់​៤០​ពាន់​លាន​ដុល្លារ​ដើម្បី​ធ្វើ​ទំនើបកម្ម​ទីក្រុង Jakarta

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​បាន​ថ្លែងថា រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មិន​បោះបង់ចោល​ទីក្រុង Jakarta ឡើយ បន្ទាប់ពី​បានប្រកាស​ផែនការ​ប្ដូរ​រដ្ឋធានីរ​បស់​ប្រទេស​នេះ​ចេញទៅ​តំបន់​ផ្សេង ដោយ​សន្យាថា​នឹង​ចំណាយ​ប្រាក់​៤០​ពាន់​លាន​ដុល្លារ​ដើម្បី​សង្គ្រោះ​ទីក្រុង​ដែល​កំពុង​លិចលង់​បន្តិច​ម្តងៗ​នេះ​នៅ​ទសវត្ស​បន្ទាប់។

លោក​រដ្ឋមន្ត្រី Bambang Brodjonegoro បាន​ប្រាប់​ទីភ្នាក់ងារ Reuters ក្នុង​កិច្ច​សម្ភាស​មួយ​ថា​រដ្ឋធានី​បច្ចុប្បន្ន​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នឹងត្រូវ​ចំណាយ​ប្រាក់ ៥៧១​ពាន់​ពាន់​លាន​រូពី (៤០,១៨​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខនេះ។ Jakarta គឺជា​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ដែលមាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក ដោយមាន​ប្រជាជន​រស់នៅ​ជាង​១០​លាន​នាក់។

លោក Brodjonegoro ថា​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​រដ្ឋធានី​នេះ​ត្រូវបាន​ធ្វើឡើង ព្រោះ​រដ្ឋាភិបាល​ដឹងថា​ការប្រមូលផ្ដុំ​របស់​ប្រជាជន​មកកាន់​ក្រុង Jakarta ត្រូវតែ​កាត់បន្ថយ។ គួរ​បញ្ជាក់ថា រដ្ឋាភិបាល​រំពឹងថា​នឹង​ចាប់ផ្តើម​ផ្លាស់ប្ដូរ​ទៅ​ក្រុង​ថ្មី​មួយ​ក្នុង​ខេត្ត Kalimantan​ភាគ ខាងកើត​នៅ​ឆ្នាំ​២០២៤​ខាងមុខនេះ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា “​ប្រជាជន​សន្មត​ថា Jakarta គឺជា​កន្លែង​ដ៏​ល្អ​ហើយ​។ តែ​តាមពិត​ក្រុង​នេះ​លែង​ល្អ​ទៀតហើយ​។ បញ្ហា​ទឹក​គឺជា​កត្តា​បង្កឱ្យមាន​ការព្រួយបារម្ភ​បែបនេះ ដូចជា​ទឹកស្អុយ និង​ការបំពុល​អាកាស​ជាដើម”៕

Related posts

Leave a Comment