សោកស្តាយ! ជិតដល់ថ្ងៃភ្ជាប់ពាក្យ សង្សារស្លាប់ ពេលទៅវត្តបានត្រឹមនឹកស្រណោះឧទ្ទិសកុសលដល់មិត្តប្រុស

ភ្នំពេញ ៖ តារាសម្ដែង ដែលទើបរះលើវិថីសិល្បៈកញ្ញា សង ស៊ីធឿន បានធ្វើឲ្យអ្នកគាំទ្រ និងអ្នកបានឃើញសាររបស់នាង មានការអាណិតអាសូរមិនស្ទើរនោះទេ ក្រោយពីនាងបានបង្ហោះសារក្ដុកក្ដួល ក្នុងអំឡុងពេលទៅវត្ត ហើយឧទ្ទិសកុសលផលបុណ្យជូនមិត្តប្រុសរបស់នាង ដែលធ្លាប់តែបណ្ដើរគ្នាដូចលលកញីឈ្មោលនោះ។ កាលពីប្រមាណ១ខែមុននេះ តារាសម្ដែងទើបពន្លកក្នុងវិថីសិល្បៈ ហើយមានឱកាសសម្ដែងក្នុងខ្សែភាពធំៗរូបនេះ បានធ្វើឲ្យអ្នកគាំទ្រ របស់នាងមានការក្ដុកក្ដួល អាណិតអាសូរម្ដងរួចមកហើយ ក្រោយពេលដែលនៅសុខៗ ស្រាប់តែនាងបានប្រកាសពីដំណឹងមរណភាពមិត្តប្រុសរបស់ខ្លួនថា «កុំខ្លាចណាបង អូននៅជិតបង ខែ១១យើងភ្ជាប់ពាក្យហើយ»។

សម្ព័ន្ធស្នេហ៍ខាងលើ ត្រូវបានអ្នកគាំទ្ររបស់នាង លើកសរសើរមិនស្ទើរទេ ហើយភាពល្ហែមល្ហែមរបស់ពួកគេកន្លងមក រឹតតែធ្វើឲ្យអ្នកបានឃើញលើសជាតិស្ករទៅហើយ ប៉ុន្តែភាពផ្អែមល្ហែម ជិតឈានចូលទៅថ្ងៃភ្ជាប់ពាក្យខែ១១ទៅហើយនោះ បែរជាមិត្តប្រុសរបស់នាងជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិតទៅវិញ។ ស្ថិតក្នុងស្ថានការណ៍បែបនេះ អ្នកណាអាចទទួលយកបាន អ្នកណាអាចទប់ទឹកភ្នែកបាន អ្នកណាមិនស្រណោះ ដោយហេតុនេះហើយ ទើបជារឿយៗនាងបង្ហោះសារបង្ហាញពីភាពស្ម័គ្រស្មោះ ការនឹករលឹកមិត្តរបស់របស់ខ្លួននោះ។ ជាក់ស្ដែងក្នុងថ្ងៃកាន់បិណ្ឌទី១១ នោះ នាងបានបង្ហោះសារបែបនេះថា «សូមឧទិ្ទសកុសលផលបុណ្យដែរអូនបានធ្វើជូនដល់បងផង ឆ្នាំមុនយើងទៅវត្តជាមួយគ្នាឆ្នាំនេះបែរជាអូនមកធ្វើបុណ្យហើយឧទិ្ទសជូនបងទៅវិញ ហ៊ឹម……បិណ្ឌ១១វត្តទី៦ »៕

Related posts

Leave a Comment