សាធុ សាធុ! កម្ពុជារកឃើញព្រះកេសបដិមា ២ ដែលធ្លាក់ចូលប្រឡាយទឹករាប់រយឆ្នាំមកហើយ

ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា (យក្ស) ចំនួន ១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរានៅថ្ងៃទី ១ មេសា ២០២០ នេះ ។

លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និង បុរាណវិទ្យាបង្ការឱ្យដឹងថា លក្ខណៈនៃព្រះបដិមាសីសៈទេវតាដែលបានប្រទះឃើញមាន ៤ បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយខូចខាតផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និង បំណែកទងត្រចៀកឆ្វេងស្តាំ ។ ចំណែកអសុរាវិញមានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់ និង ពុំមានព្រះភក្ត្រទេ ។

ការប្រទះឃើញព្រះបដិមាសីសៈទាំង ២ នៅក្នុងប្រឡាយទឹក មិនមែនជារឿងចៃដន្យនោះទេ បើតាមការបញ្ជាក់របស់លោក សុម៉ាឡា ព្រោះវាបណ្តាលមកពីរចនាសម្ពន្ធទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះបានខូចខាតដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និង សង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ខ្លះកប់ក្នុងដី ខ្លះនៅលើដីជាច្រើនទៀត ។

ក្រោយធ្វើការប្រគល់ទទួលហើយ ព្រះបដិមាសីសៈទាំង ២ នេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរាយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ ៕

Related posts

Leave a Comment