ទើបតែ៣៥ករណីប៉ុណ្ណោះ កុំទាន់ភ័យ ធៀបនិងប្រទេសសមាជិកអាស៊ាន ខ្មែរមានអត្រាឆ្លងទាបជាងគេ ម្យ៉ាងសម្តេចតេជោបញ្ជាក់ហើយថា អាចគ្រប់គ្រងបាន

គិតមកត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ វីរុសរលាកសួតប្រភេទថ្មីកូវីដ១៩ កំពុងឆ្លងរីករាលដាលនៅស្ទើជុំវិញពិភពលោកមានរហូតទៅដល់ ១៦២ប្រទេស ដោយនៅក្នុងនោះមានប្រទេសកម្ពុជាយើងផងដែរ។ នេះបើតាមការធ្វើបច្ចុប្បន្នភាពដោយអង្គការសុខភាពពិភពលោក WHO។

ទោះបីជាវីរុសកូវីដ១៩ ជាប្រភេទជម្ងឺថ្មីក៏ពិតមែន ហើយមិនទាន់មានវ៉ាក់សាំងការពារក៏ពិតមែន ប៉ុន្តែក្រុមគ្រូពេទ្យវេជ្ជសាស្រ្តបានអះអាងថា អ្នកជម្ងឺដែលឆ្លងវីរុសកូវីដ១៩ នៅតែអាចព្យាបាលបាន។ បច្ចុបប្បន្នមានអ្នកស្រាវជ្រាវជាច្រើនជុំវិញពិភពលោក បានកំពុងតែព្យាយាមបង្កើតវ៉ាក់សាំង ដើម្បីទប់ស្កាត់ការរាលដាលរបស់វីរុសកូវីដ១៩នេះ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញអំពីរបៀបវ៉ាក់សាំងទាំងនោះនឹងត្រូវការស៊ីពេលបន្តិច ខណៈពេលដែលត្រូវការធ្វើតេស្ត និងអាចប្រើលើមនុស្សបាន

ជាក់ស្តែងនៅក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ានទាំង១០ បើទោះបីជាកម្ពុជាទើបតែរកឃើញមានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន៣៥ករណីក៏ពិតមែន ប៉ុន្តែតូលេខនេះហាក់នៅទាបជាងប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត ដែលកំពុងតែរងផលប៉ះពាល់ដោយសារវីរុសនេះ លើកលែងតែប្រទេសឡាវនិងមីយ៉ាន់ម៉ា ដែលមិនទាន់រកឃើញមានអ្នកឆ្លងវីរុសកូវីដ១៩នៅឡើយ។

សូមបញ្ជាក់ថាដោយចំនួន នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះ តាមបទសំភាសន៍ជាមួយទូរទស្សន៍ BTV លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៧ យប់មិញនេះ ក្រសួងបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ លើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតនៅខេត្តកែប ដោយគិតមកត្រឹមពេលនេះកើនឡើងដល់៣៥ករណី។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះដែលក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានចំនួន២ដង ទាក់ទងនឹងការរកឃើញវិជ្ជមានថ្មីវីរុសកូវីដ១៩ចំនួន២១ករណី។ សូមជ្រាបថាដោយសារតែការតត្បាលវីរុសកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានប្រកាសឲ្យសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ហើយថ្ងៃនេះដែរក៏បានប្រកាសឲ្យបិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនឲ្យមានការជួបជុំរៀបចីពិធីសាសនាផ្សេងៗនោះឡើយនិងឲ្យធ្វើការផ្អាកការៀបចំប្រគុំតន្រ្តីតាមទីសាធារណៈ ទូទាំងប្រទេសផងដែរ៕

Related posts

Leave a Comment