គ្រាន់តែឮថា​អាមេរិក​ចង់ទិញវ៉ាក់សាំងកូវីដ១៩ទុក​ប្រើ​តែឯង អាល្លឺម៉ង់ក៏តបវិញភ្លាមៗថា….

រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃចន្ទថា សិទ្ធិទទួលបានការស្រាវជ្រាវវ៉ាក់សាំងវីរុសកូរ៉ូណាមិនមែនសម្រាប់លក់នោះទេបន្ទាប់ពីមានសេចក្តីរាយការណ៍ថា លោក Donald Trump ចង់ឲ្យសហរដ្ឋអាមេរិកទិញសិទ្ធិផ្តាច់មុខចំពោះវ៉ាក់សាំងមានសក្តានុពលដែលបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់។

ការអត្ថាធិប្បាយនេះដែលធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Funke បានកើតឡើងស្របពេលដែលក្រុមអ្នកវិទ្យាសាស្ត្រកំពុងញាប់ដៃញាប់ជើងដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាដ៏សាហាវដែលបានសម្លាប់មនុស្សប្រមាណ ៦០០០នាក់ហើយធ្វើឲ្យមនុស្សរាប់លាននាក់ត្រូវជាប់ក្នុងការឡោមព័ទ្ធនិងធ្វើឲ្យទីផ្សារពិភពលោកត្រូវខ្ទេចខ្ទី។

លោក Heiko Maas បានប្រាប់ Funke ថា “ក្រុមអ្នកស្រាវជ្រាវអាល្លឺម៉ង់បានដើរតួនាទីឈានមុខគេក្នុងការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំង ហើយយើងមិនអាចអនុញ្ញាតឲ្យអ្នកណាទទួលយកលទ្ធផលផ្តាច់មុខបានទេ”។

ដោយដកស្រង់ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលអាល្លឺម៉ង់ កាសែត Die Welt ធ្លាប់បានរាយការណ៍ថា លោក Trump បានផ្តល់ប្រាក់ចំនួនមួយពាន់លានដុល្លារដើម្បីធានាការស្រាវជ្រាវទៅលើវ៉ាក់សាំងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា CureVac របស់អាល្លឺម៉ង់សម្រាប់តែសហរដ្ឋអាមេរិកប៉ុណ្ណោះ។

ប្រតិកម្មទៅនឹងរបាយការណ៍នេះ លោក Peter Altmaier រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបានប្រាប់ទូរទស្សន៍ ARD កាលពីថ្ងៃអាទិត្យថា “ប្រទេសអាល្លឺម៉ង់មិនមែនសម្រាប់លក់ទេ”។នៅក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Horst Seehofer ត្រូវបានស្នើសុំឲ្យបញ្ជាក់ពីការប៉ុនប៉ងដើម្បីប្តឹងក្រុមហ៊ុនអាល្លឺម៉ង់។

លោកនិយាយថា “ខ្ញុំអាចនិយាយបានថា ខ្ញុំបានឮជាច្រើនដងពីមន្រ្តីរដ្ឋាភិបាលនៅថ្ងៃនេះថា នេះគឺជាករណីមួយហើយយើងនឹងពិភាក្សាវានៅក្នុងគណៈកម្មាធិការដោះស្រាយវិបត្តិនៅថ្ងៃស្អែក”៕ AFP

Related posts

Leave a Comment