រំភើបណាស់!! អ្នកគ្រូជនជាតិជប៉ុនម្នាក់ ស្ម័គ្រចិត្តបង្រៀនកូនខ្មែរ ដោយសារកូនខ្មែរពូកែញញឹម និងមានចិត្តល្អ….

អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ (Nagaya Keiko) ដែលមានឈ្មោះជាខ្មែរថា «ចន្ថាវី» ជាគ្រូស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) បានឱ្យដឹងថា គាត់ជាគ្រូបង្រៀននៅប្រទេសជប៉ុន ហើយគាត់បានស្ម័គ្រចិត្តមកបង្រៀនដល់កូនខ្មែរ ដោយសារគាត់ចូលចិត្តកូនខ្មែរ ព្រោះតែកូនខ្មែរ ពូកែញញឹម និងមានចិត្តល្អ។

អ្នកគ្រូជប៉ុន ណាហ្គាយ៉ា គេកូ បានបញ្ជាក់យ៉ាងដូចនេះ នៅក្នុងកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មាន នៅសាលាបឋមសិក្សអនុវត្តន៍ ក្នុងខេត្តបាត់ដំបង ស្ដីពីហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ (ODA Press Tour) រៀបចំដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ចាប់ពីថ្ងៃ៤ ដល់៦ ខែមីនា ឆ្នាំ២០២០។

អ្នកគ្រូវ័យ៣០ឆ្នាំរូបនេះ បានបញ្ជាក់ថា គាត់បានបង្រៀននៅសាលាបឋមសិក្សាអនុវត្តន៍នេះ មានរយៈពេល៤ខែហើយ ដែលមានកូនសិស្សក្នុងបន្ទុក៣២១នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦ និងបង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រ អប់រំកាយ និងតន្ត្រី ដែលផ្ដោតលើការលេងព្យាណូ។ សម្រាប់ការបង្រៀនក្មេងៗ គឺមានការពិបាក ប៉ុន្តែគាត់ស្រលាញ់ក្មេងៗ ហើយសប្បាយរីករាយ ក្នុងការបង្រៀនក្មេង។

អ្នកគ្រូនិយាយថា «ខ្ញុំសម្រេចចិត្តមកបង្រៀនកូនខ្មែរ ដោយសារខ្ញុំដឹងអំពីប្រវត្តិសាស្ត្រខ្មែរ ហើយខ្ញុំមានអារម្មណ៍ពិបាកចិត្ត ប៉ុន្តែជនជាតិខ្មែរតែងតែញញឹម ហើយមានចិត្តល្អ ហើយក្មេងៗ របស់កម្ពុជាចង់រៀនសូត្រ»។

អ្នកគ្រូ ណាហ្គា យ៉ា គេកូ បានបញ្ជាក់ថា ការចូលបង្រៀនដោយស្ម័គ្រចិត្ត របស់អ្នកគ្រូនៅសាលាបឋមសិក្សអនុវត្តន៍ ក្នុងខេត្តបាត់ដំបងនេះ បានចាប់ផ្ដើមតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយគ្រោងបញ្ចប់នាខែសីហា ឆ្នាំ២០២០នេះ ហើយគាត់បានប្ដេជ្ញាចិត្ត នឹងត្រលប់មកបងៀនដោយស្ម័គ្រចិត្តដល់កូនខ្មែរក្នុងប្រទេសកម្ពុជាវិញ ព្រោះប្រទេសកម្ពុជាមានប្រជាជន រួសរាយ និងចិត្តទូលំទូលាយ៕

Related posts

Leave a Comment