ពិតជាអភិបាលស្រុកគំរូល្អមែន! គ្រាន់តែ លឺដំណឹងភ្លើងឆេះផ្ទះប្រជាពលរដ្ឋភ្លាមចុះយក អំណោយជូនភ្លែតថែមទាំង…

ប្រិយមិត្តជាទីគោរពយោងតាមអខោនហ្វេសប៊ុករបស់លោកឃឹមហ្វីណង់បានបង្ហោះយ៉ាងដូច្នេះថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឱ្យតែ​ភ្លើងឆេះផ្ទះ” តែគួរអោយស្តាយ ផ្ទះ​មួយខ្នងនៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ត្រូវបានភ្លើង​ឆេះ​អស់​បាត់ទៅហើយ។

ក្រោយពីទទួលបានពត៌មានពីហេតុការណ៍នេះ ខ្ញុំនិងលោកពូប្រធានក្រុមប្រឹក្សាស្រុក បានរៀបចំអំណោយកាកបាទក្រហមភ្លាមៗ និងបាននាំយកទៅជូនដល់កន្លែងកើតហេតុដោយផ្ទាល់នៅក្នុងថ្ងៃបន្ទាប់។ តាមការរៀបរាប់របស់ម្ចាស់ផ្ទះ មូលហេតុដែលឆេះបណ្តាលមកពីភ្លើងចង្រ្កានទុកចោលមិនបានពន្លត់អស់ ក្នុងពេលដែលគាត់រវល់ទៅសុីឈ្នួលដកដំឡូង។

អ្វីដែលគួរអោយសោកស្តាយបំផុតនោះគឺ អ្នកជិតខាងបានមកទាន់ដើម្បីអាចជួយពន្លត់បាន តែដោយសារភូមិនេះស្ថិតក្នុងតំបន់ខ្សត់ទឹកជាងគេ (ដែលសូម្បីតែទឹកសម្រាប់ហូបក៏មិនមានគ្រប់គ្រាន់ផងនោះ) ធ្វើអោយពួកគាត់បានត្រឹមតែអោបដៃឈរមើលអគ្គីភ័យលេបត្របាក់ផ្ទះទាំងមូលក្នុងតែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។

តែអ្វីដែលគួរអោយត្រេកអរត្រលប់ទៅវិញដែរនោះគឺ ជនរងគ្រោះទទួលបានការគាំទ្រជ្រោមជ្រែងបន្ថែមពីលើអំណោយកាកបាទក្រហមដូចជា
– ការធានាសាងសង់ផ្ទះឡើងវិញភ្លាមៗ ដែលរ៉ាប់រងបន្ទុកទាំងស្រុងដោយសប្បុរសជន
– ព្រះចៅអធិការវត្តបន្ទាយស្រី ដែលជាព្រះអនុគុណស្រុក បានប្រមែប្រមូលសម្ភារៈបរិក្ខាពីវត្តនិងថវិកាមកចូលរួមជួយបន្ថែម
– ខ្ញុំបានស្នើដល់លោកអធិការរងទទួលបន្ទុកអត្តសញ្ញាណកម្មដើម្បីជួយសម្រួលរៀបចំធ្វើឯកសារដែលឆេះបាត់បង់ឡើងវិញអោយបានលឿនបំផុតនិងមិនមានបង់កម្រៃទាំងអស់ (អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ )

នេះគឺជាផ្ទះទី៣ហើយដែលត្រូវបានឆេះខូចខាតតាំងពីខ្ញុំទទួលតួនាទីនៅក្នុងស្រុកបន្ទាយស្រី តែក៏ជាផ្ទះទី៣ដែលទទួលបានការចូលរួមជួយសាងសង់ឡើងវិញដល់ជនរងគ្រោះពីសំណាក់សប្បុរសជនដែរ។ ជួសមុខអោយឯកឧត្តម ទៀ សីហា ប្រធានកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ខ្ញុំសូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់នៅក្នុងខេត្តសៀមរាប ដែលតែងតែចូលរួមជាមួយកាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋក្នុងពេលដែលត្រូវការចាំបាច់បំផុត។ កាកបាទក្រហមកម្ពុជាតែងតែឆ្លើយតបមុនគេ លឿនជាងគេក្នុងករណីបែបនេះ ហើយសង្ឃឹមថាសប្បុរសជននឹងបន្តចូលរួមសកម្មភាពមនុស្សធម៌អោយបានច្រើនថែមទៀត ដើម្បីបានជួយដោះស្រាយភ្លាមៗនិងសម្រាលទុក្ខលំបាកខ្លះៗដល់របស់ជនរងគ្រោះដែលជួបឧបទ្ទេវហេតុដូចថ្ងៃនេះ។
-——————————
បន្ថែម៖ ដោយសង្កេតឃើញថាប្រជាជននៅក្នុងស្រុកបន្ទាយស្រីពុំទាន់មានទម្លាប់ទាក់ទងមកអាជ្ញាធរនៅពេលដែលមានគ្រោះអគ្គីភ័យកើតឡើង ខ្ញុំសូមយកឱកាសនេះផ្សព្វផ្សាយលេខទូរសព័្ទ៣ខ្សែ ដើម្បីទំនាក់ទំនងស្នើសុំអន្តរាគមន៍ឡានទឹក ពីអធិការនគរបាលដ្ឋានស្រុក
១-០៨៩ ៣៤៣ ៩៣៦ (លោក ឡុង សំណាង-អធិការ)
២-០៨៨ ៩៧៧៧ ៥៧៣( លោក រស់ សុីសុវណ្ណា-អធិការរងទទួលបន្ទុក)
៣-០១៨ ៥៥៥៥ ៩៩៩ (លេខទូរស័ព្ទពិសេសរបស់រដ្ឋបាលស្រុកសម្រាប់រៀងរាល់ម៉ោងធ្វើការ) ប្រភពអត្ថបទ៖ ឃឹម ហ្វីណង់ – Khim Finan

Related posts

Leave a Comment