លោកអភិបាលស្រុក វ័យក្មេង៖ ដំណាក់កាលនេះគឺជាដំណាក់កាល ដែលត្រូវអប់រំការយល់ដឹងអោយបានត្រឹមត្រូវ ម៉ាស់មុខនឹងមានផ្តល់ជូនចំពោះមន្ត្រី តែក្នុងករណីចាំបាច់តែប៉ុណ្ណោះ

មួយរយៈពេលថ្មីៗនេះ មហាជន ក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក នៅកម្ពុជា មានការចាប់អារម្មណ៏ជាខ្លាំង ចំពោះអភិបាលស្រុុក បន្ទាយស្រី ដែលគាត់ហាក់នូវវ័យក្មេងនោះទេ តែបានបង្កើតស្នាដៃជាច្រើន សម្រាប់ខេត្ដសៀមរាប ដែលស្នាដៃរបស់គាត់រួមមាន៖ ផ្ទះ១ អំពូល១ ដែលធ្វើឡើងអំពី អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យ ចំនួន៥១៤ឈុត នៅតាមផ្ទះទាំង៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ហើយស្នាដៃរបស់គាត់មួយទៀត គឺការស្វែងរកទីផ្សារត្រសក់ស្រូវ ពណ៏លឿង ជូនប្រជាកសិករ កាលពីពេលថ្មីៗនេះជាដើម។

យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លោក ឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី បានលើកឡើងឱ្យដឹងថា៖”ករណីជំងឺកូវីឌ-១៩ ដំបូងនៅក្នុងខេត្តសៀមរាប៖ អ្វីដែលបានកើតឡើង អ្វីដែលត្រូវធ្វើភ្លាមៗ និងអ្វីដែលត្រូវត្រៀមខ្លួនទុកជាមុនសម្រាប់ស្រុកបន្ទាយស្រី។ យល់ដឹងត្រូវ! ប្រុងប្រៀបត្រូវ! មិនប្រហែស! តែមិនស្លន់ស្លោរហួសហេតុ! នេះគឺជាអ្វីដែលរដ្ឋបាលស្រុកបន្ទាយស្រីកំពុងតែធ្វើ និងជម្រុញផ្សព្វផ្សាយអោយបានទូលំទូលាយ។

ចាប់ផ្តើមពីថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃបន្តបន្ទាប់ទៀត រដ្ឋបាលស្រុកនឹងព្យាយាមបញ្ច្រៀបការយល់ដឹង និងពង្រាងវិធានការបឋម ដើម្បីចូលរួមបង្ការនិងត្រៀមខ្លួនទប់ទល់ ដោះស្រាយការរីករាលដាលនៃជំងឺនេះជាយថាហេតុណាមួយ។ យើងចាប់ផ្តើមពីមន្ត្រីទាំងអស់នៅក្នុងរដ្ឋបាលស្រុក មុននឹងបន្តផ្សព្វផ្សាយនិងប្រុងប្រៀបផែនការ តាមរយៈគណៈបញ្ជាការឯកភាពស្រុក គ្រូបង្រៀន សិស្សានុសិស្សនៅតាមសាលារៀន និងសាធារណជនទូទៅ។ បើទោះជាហានិភ័យនៃការរីករាលដាលស្ថិតនៅក្នុងកម្រិតទាបនៅឡើយ តែក្នុងនាមជាស្រុកដែលមានទេសចរណ៍ឆ្លងកាត់និងមានភ្ញៀវមកទស្សនាច្រើន និងមានទីតាំងភូមិសាស្ត្រនៅកៀកនឹងទីរួមខេត្ត ការត្រៀមលក្ខណៈសម្បត្តិទៅតាមដំណាក់កាលនីមួយៗគឺជារឿងចាំបាច់ ដើម្បីបង្ការ បង្កើនទំនុកចិត្ត និងធានាអោយបាននូវការគ្រប់គ្រងស្ថានការណ៍ទៅតាមពេលវេលា និងកាលៈទេសៈ។

ដំណាក់កាលនេះគឺជាដំណាក់កាលដែលត្រូវអប់រំការយល់ដឹងអោយបានត្រឹមត្រូវ ផ្តោតទៅលើការស្វែងយល់ពីរបៀបឆ្លងនិងវិធីបង្ការការពារខ្លួន ក៏ដូចជាការជម្រុញអោយមានអនាម័យផ្ទាល់ខ្លួនរឹតតែខ្ពស់។ ម៉ាស់មុខនឹងមានផ្តល់ជូនចំពោះមន្ត្រីតែក្នុងករណីចាំបាច់តែប៉ុណ្ណោះ តែយើងជម្រុញអោយមានការលាងដៃជាប្រចាំនិងញឹកញាប់ជំនួសវិញ។ ការគ្រប់គ្រងកម្តៅជាប្រចាំ និងការអនុញ្ញាតអោយអ្នកមិនស្រួលខ្លួនអាចសម្រាកនៅផ្ទះក៏ជាវិធានការដែលយើងនឹងចាប់អនុវត្តពីពេលនេះផងដែរ។ ក្រៅពីនេះ យើងពុំគួរមានអ្វីដែលត្រូវបារម្ភឬធ្វើលើសពីវិធានការខាងលើនេះនោះទេ។ បងប្អូនទាំងអស់នៅតែអាចបន្តជីវភាពជាធម្មតា ហើយភ្ញៀវទេសចរក៏នៅតែអាចបន្តមកលេងកំសាន្តដូចរាល់ដងដែរ។ ការភ័យខ្លាចហួសហេតុពេក រឺចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត នឹងផ្តល់ផលមិនល្អដល់សង្គមជាតិយើងទៅវិញទេ។

ការកើតមានករណីដំបូងនៃជំងឺកូវីឌ-១៩ នៅក្នុងក្រុងសៀមរាបនេះ គឺជារឿងថ្មី តែការប្រតិកម្មទាន់ពេលវេលា ជាមួយនិងវិធានការម៉ត់ចត់ប្រកបដោយប្រសិទ្ធភាព ដែលនាំអោយអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បានរហូតមកដល់ពេលនេះក៏ជារឿងសំខាន់ដែលយើងត្រូវតែដឹងដែរ។ ជាការពិត ប្រសិនបើមានការផ្ទុះរីករាលដាលទ្រង់ទ្រាយធំនៅក្នុងស្រុក ដែលអាចនាំទៅដល់ការហាមឃាត់មិនអោយមានការប្រមូលផ្តុំឬបិទសាលារៀន នោះអាជ្ញាធរនឹងមានវិធានការបន្ថែមទៀត ហើយវាគឺជាអ្វីដែលយើងកំពុងត្រៀមខ្លួននិងរៀបចំផែនការទុកជាមុនទៅតាមសេណារីយ៉ូនីមួយៗ។ យើងគួរមានទំនុកចិត្តទៅលើការប្រុងប្រៀបខ្លួនរបស់រាជរដ្ឋាភិបាល និងយកពេលវេលានេះទៅលើកទឹកចិត្តគ្រូពេទ្យទាំងអស់ ដែលកំពុងតែជាប់ដៃនៅសមរភូមិមុខ ប្រយុទ្ធប្រឆាំងនឹងជំងឺនេះជំនួសយើង ជាជាងបង្កភាពអវិជ្ជមានដល់សន្តិសុខនិងសេដ្ឋកិច្ចជាតិ”។

Related posts

Leave a Comment