ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific បានព្រមានបុគ្គលិកថានឹងប្រឈមជាមួយការបណ្តេញចេញពីតួនាទី ប្រសិនបើពួកគេចូលរួមជាមួយក្រុមបាតុករហុងកុង ព្រោះតែក្រុមហ៊ុនបង្កើនការបង្ក្រាបរបស់ខ្លួនចំពោះការគាំទ្រក្រុមអ្នកតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះ។
ក្រុមហ៊ុនអាកាសចរណ៍របស់ហុងកុងដែលមានបុគ្គលិក ២៧០០០ នាក់ក្នុងទីក្រុងមួយនេះត្រូវបានគេចោទប្រកាន់ថា បានឱនក្បាលចំពោះសម្ពាធនយោបាយពីប្រទេសចិនដែលនិយតករអាកាសចរណ៍បានហាមឃាត់បុគ្គលិកក្រុមហ៊ុនមួយនេះចំពោះបុគ្គលិកណាដែលចូលរួមគាំទ្រការធ្វើបាតុកម្មលែងឱ្យធ្វើការលើជើងហោះហើរឆ្លងកាត់ដែនអាកាសរបស់ខ្លួនទៀត។
នៅក្នុងឯកសារណែនាំផ្ទៃក្នុងសម្រាប់បុគ្គលិក លោក Tom Owen នាយកក្រុមហ៊ុន Cathay បានមានប្រសាសន៍ថា ការចូលរួមធ្វើកូដកម្មដែលគ្រោងធ្វើនៅថ្ងៃចន្ទ និងថ្ងៃអង្គារនោះអាចជាការរំលោភកិច្ចសន្យា។
លោកនាយកបានបន្តថា រាល់ការបំពានគោលការណ៍ ឬតម្រូវការបទបញ្ញត្តិនានានឹងត្រូវឈានទៅដល់ការបើកការស៊ើបអង្កេត ហើយអាចនាំឱ្យមានការបញ្ចប់កិច្ចសន្យាទៀតផង។
គួរបញ្ជាក់ថា ក្រុមហ៊ុន Cathay បានបណ្តេញបុគ្គលិកយ៉ាងហោចណាស់៤នាក់ រួមទាំងអ្នកបើកយន្តហោះ២នាក់ផង ព្រោះតែការគាំទ្រការតវ៉ានេះ។
ចំណែកអ្នកទី៥ ឈ្មោះ Rebecca Sy អ្នករៀបចំសហជីព និងសហសេវិកធ្វើការក្នុងកាប៊ីនរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់របស់ខ្លួនឈ្មោះ Cathay Dragon បានឱ្យដឹងថា នាងត្រូវបានគេទម្លាក់ពីជើងហោះហើរចិន ហើយបន្ទាប់មកក៏ត្រូវបណ្តេញចេញនៅមួយថ្ងៃក្រោយមកដោយគ្មានការពន្យល់អ្វីឡើយ៕