រកឯណាបាន! ក្មេងស្រីពីរនាក់ ចំណាយលុយផ្ទាល់ខ្លួនទិញក្រដាសអនាម័យ ដើម្បីចែកអ្នកខ្វះខាត ខណៈពលរដ្ឋជាច្រើនកំពុងដណ្ដើមគ្នាទិញពេញផ្សារ

អូស្ត្រាលី៖ ប្រិយមិត្ដអ្នកអានប្រាកដជាជ្រាបហើយថា ប៉ុន្មានថ្ងៃចុងក្រោយនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយ ពីករណីប្រជាពលរដ្ឋនៅប្រទេសអូស្ត្រាលី បានសម្រុកទៅដណ្ដើមគ្នាទិញក្រដាសអនាម័យ (ក្រដាសប្រើប្រាស់ក្នុងបង្គន់) សឹងអស់ពីផ្សារ រហូតមានការបង្កជាជម្លោះក៏មាន ស្របពេលវីរុស Covid-19 កំពុងតែវាយលុក។ យ៉ាងណាមិញ ស្រាប់តែមានក្មេងស្រីចិត្ដល្អពីររូប បានចំណាយលុយផ្ទាល់ខ្លួនរបស់ពួកគេដើម្បីទិញក្រដាសអនាម័យ យកទៅចែកអ្នកខ្វះខាត និងនិវត្តន៍ជនក្នុងតំបន់។

ក្មេងស្រីទាំងពីរដែលមានឈ្មោះថា Addyson អាយុ ៦ ឆ្នាំ និងម្នាក់ទៀតឈ្មោះ Lucy អាយុ 4 ឆ្នាំ ពួកគេទាំងពីរគឺ ជាមិត្ដល្អនឹងគ្នា។ Addyson និង Lucy បានធ្វើរឿងគួរឲ្យគោរព និងជាគំរូដ៏ល្អមួយសម្រាប់ក្មេងៗដទៃ តាមរយៈការទិញក្រដាសអនាម័យ ដើម្បីយកទៅចែកជូនដល់អ្នកខ្វះខាត ក៏ដូចជាអ្នកចូលនិវត្តន៍ពីការងារ ដែលរស់នៅតំបន់របស់ពួកគេក្នុងទីប្រជុំជន Mareeba។ ហើយប្រាក់សម្រាប់ទិញរបស់ទាំងអស់នេះ គឺកើតចេញពីការសន្សំរបស់ពួកគេទាំងពីរផ្ទាល់តែម្ដង។

អ្នកស្រី Petrina McGuire ដែលត្រូវជាម្ដាយរបស់ Addyson បានថតពីសកម្មភាពសប្បុរសរបស់ក្មេងទាំងពីរ ហើយបង្ហោះនៅលើបណ្ដាញសង្គម។ យោងតាមរូបភាពទាំងអស់នោះដែរ បានបង្ហាញឲ្យឃើញថា ក្មេងទាំងពីរបានអូសរទេះដែលមានផ្ទុកក្រដាសអនាម័យជាច្រើនដុំ ដើម្បីយកទៅចែកដល់អ្នកភូមិ។ ហើយជាការតបស្នង អ្នកដែលទទួលបានអំណោយទាំងនោះ ក៏បានផ្ដល់មកវិញនូវកាដូលើកទឹកចិត្ដដូចជា កាបូបជាដើម។

ជុំវិញទង្វើសប្បុរសធម៌នេះដែរ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមសរសើរក្មេងៗទាំងពីរ មិនដាច់ពីមាត់ ហើយថែមទាំងសាទរដល់អាណាព្យាបាលរបស់ពួកគេដែលបានបង្រៀនកូនៗ ឲ្យធ្វើអំពើល្អបែបនេះ៕

Related posts

Leave a Comment