Tesla ដំឡើងថ្លៃ​សម្រាប់​ម៉ូ​ដែល​៣ និង​រថយន្ត​ម៉ូ​ដែល​ផ្សេងទៀត​ក្នុង​ប្រទេស​ចិន ចំ​ពេល​លុយ​យាន់​ធ្លាក់​ថ្លៃ​

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​អាមេរិក Tesla Inc បាន​ដំឡើងថ្លៃ​សម្រាប់​រថយន្ត​មួយចំនួន​ក្នុងប្រទេស​ចិន ខណៈ​ការជួញដូរ​ប្រាក់​យាន់​បាន​ចូលក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍។

យោងតាម​វិ​ប​សាយ​របស់​ចិន Tesla បានឱ្យដឹងថា តម្លៃ​ចាប់ផ្តើម​សម្រាប់​រថយន្ត​ស្ព័​រ​ម៉ូ​ដែល Model X (SUV) ពេលនេះ​គឺ ៨០៩ ៩០០ យាន់ (១១៤ ១៨៦ ដុល្លារ​អាមេរិក​) បើ​ប្រៀបធៀប​កាលពីមុន​គឺ ៧៩០ ៩០០ យាន់។ ចំណែក​រថយន្ត​ម៉ូ​ដែល 3 ដែល​ឈរជើង​បានយូរ​អង្វែង​ជាងគេ​ក្នុង​ទីផ្សារ តម្លៃ​ពេលនេះ​គឺ ៤៣៩៩០០ យាន់ ដែល​ពីមុន​ត្រឹមតែ ៤២៩ ៩០០ យាន់​ប៉ុណ្ណោះ។

ការប៉ះទង្គិច​រវាង​មហាអំណាច​សេដ្ឋកិច្ច ចិន​-​អាមេរិក​ជុំវិញ​រឿង​ជម្លោះ​ពាណិជ្ជកម្ម​និង​រឿង​សង្គ្រាម​ពន្ធ​នាំចូល​រវាង​ប្រទេស​ទាំងពីរ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន Tesla ដែល​បច្ចុប្បន្ន​នាំចូល​រថយន្ត​ទាំងអស់​ដែល​ខ្លួន​លក់​នៅក្នុង​ប្រទេស​ចិន​នោះ​ត្រូវ​កែសម្រួល​តម្លៃ​របស់ខ្លួន​ជា​ច្រើនដង​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក។

ការដំឡើងថ្លៃ​ចុងក្រោយ​ត្រូវធ្វើឡើង​នៅពេលដែល​ប្រទេស​ចិន​បាន​បើក​ឱ្យប្រាក់​យាន់​ចុះថ្លៃ​ទាប​ជាង​ប្រាក់​ដុល្លារ​អាមេរិក​កាលពី​ដើមខែ​នេះ​ដែល​បង្កើន​ការចំណាយ​លើ​ការ​នាំចូល និង​ជំរុញ​ឱ្យ​ក្រុង​វ៉ាស៊ីនតោន​ដាក់ឈ្មោះ​ប្រទេស​ចិន​ថា​ជា​អ្នក​ក្រឡុក​តម្លៃ​រូបិយវត្ថុ​។ ទោះជា​យ៉ាងណា ក្រុង​ប៉េកាំង​បាន​ប្រឆាំង​យ៉ាងខ្លាំង​ចំពោះ​ការដាក់​ឈ្មោះ​បែបនេះ។

បច្ចុប្បន្ន​ក្រុមហ៊ុន Tesla កំពុង​សាងសង់​រោងចក្រ​នៅ​បរទេស​ជា​លើកដំបូង​របស់ខ្លួន​នៅ​ទីក្រុង​សៀង​ហៃ​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​ក្រុមហ៊ុន​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជ​កម្មបាន​ច្រើន៕

Related posts

Leave a Comment