ចាក់ដោត! គ្រូពេទ្យក៏មានគ្រួសារ គ្រូពេទ្យក៏ចេះភ័យខ្លាច គ្រូពេទ្យក៏អាចឆ្លងជំងឺដែរ, តោះ យើងនាំគ្នា ជូនផ្កាកូឡាបទៅដល់អ្នកគ្រូពេទ្យទាំងអស់ពីចម្ងាយ (រួមទាំងលោកគ្រូពេទ្យ) ដែលកំពុងសស្រាក់សស្រាំ ប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid19

នៅមុននេះបន្តិច នាថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះសារដ៏សែនចាក់ដោតអារម្មណ៍មួយ អានចប់ពិតជារំជួលចិត្ត។ លោកបានប្រាប់ឲ្យដឹងថា៖ “«គ្រូពេទ្យ» ៖ វីរបុរសបិទមុខក្នុងដួងចិត្តខ្មែរ!
តោះ! ចូលរួមជាមួយខ្ញុំក្នុង”ថ្ងៃ៨មីនា”នៃទិវាសិទ្ធិនារីអន្តរជាតិ និងងាកមកធ្វើអ្វីដែលមានប្រយោជន៍ដល់សង្គមជាតិរបស់យើងវិញ។

គ្រូពេទ្យក៏មានគ្រួសារ។
គ្រូពេទ្យក៏ចេះភ័យខ្លាច។
គ្រូពេទ្យក៏អាចឆ្លងជំងឺដែរ។

ប៉ុន្តែ«គ្រូពេទ្យ»យល់ពីអ្វីដែលហៅថាកាតព្វកិច្ច ហើយនៅពេលដែលជាតិត្រូវការ «គ្រូពេទ្យ»បង្ហាញពីភាពអង់អាចក្លាហាន ពីការស្ម័គ្រចិត្ត និងពីការលះបង់របស់ពួកគាត់ ដើម្បីការពារសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

ដោយសារពួកគាត់ទើបយើងទាំងអស់គ្នាមិនចាំបាច់លំបាកដោយខ្លួនឯង។ ដោយសារពួកគាត់ទើបយើងទាំងអស់គ្នានៅមានសេរីភាពដើរហើររហូតមកដល់ពេលនេះ។ ចុះហេតុអ្វីបានជាយកសេរីភាពនេះទៅប្រើប្រាស់ក្នុងផ្លូវខុស? ហេតុអ្វីបានជាយកពេលវេលានេះទៅប្រើក្នុងផ្លូវអវិជ្ជមាន?

ពេលវេលាដែលប្រទេសជាតិមានការលំបាក មិនមែនជាពេលវេលាដែលត្រូវលេងសើច កេងយកចំណេញខាងផ្នែកនយោបាយ រឺធ្វើទង្វើដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ ពេលវេលានេះ គឺជាពេលវេលាដែលយើងទាំងអស់គ្នាគួរងាកមកគាំទ្រកងទ័ពជួរមុខរបស់យើង លើកទឹកចិត្តពួកគាត់ដែលហ៊ានលះបង់ដើម្បីសេចក្តីសុខរបស់ពួកយើង ប្រថុយគ្រោះថ្នាក់ជំនួសពួកយើង ជាជាងនាំគ្នាផ្សព្វផ្សាយពត៌មានមិនពិត បង្កើតភាពអវិជ្ជមាននៅក្នុងសង្គម បំបាក់ស្មារតី និងបង្កការភ្ញាក់ផ្អើលដែលនាំអោយមានការភ័យខ្លាចលើសពីភាពចាំបាច់។

តោះ! យើងនាំគ្នាជូនផ្កាកូឡាបទៅដល់អ្នកគ្រូពេទ្យទាំងអស់ពីចម្ងាយ(រួមទាំងលោកគ្រូពេទ្យ) ដែលកំពុងសស្រាក់សស្រាំប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid19។ អរគុណ, អ្នកគ្រូពេទ្យ!”៕

Related posts

Leave a Comment