កាលពីថ្ងៃសុក្រនេះ មេដឹកនាំបក្សប្រឆាំងរបស់ប្រទេស Papua New Guinea លោក Patrick Pruaitch បានទទូចឱ្យនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះគាំទ្រកិច្ចព្រមព្រៀងឧស្ម័នជាមួយក្រុមហ៊ុន Total SA របស់បារាំងជាជាងស្វែងរកការផ្លាស់ប្តូរ និងពន្យារពេលការពង្រីកការនាំចេញឧស្ម័នរបស់ប្រទេសនេះដែលមានទំហំទឹកប្រាក់១៣ពាន់លានដុល្លារ។
ដោយឡែក កាលពីដើមខែនេះ រដ្ឋាភិបាលដែលដឹកនាំដោយលោក James Marape បានស្នើសុំភ្លាមៗឱ្យមានកិច្ចពិភាក្សាជាមួយក្រុមហ៊ុន Total ដើម្បីពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងឧស្ម័ន Papua LNG ដែលជាតម្រូវការមួយក្នុងចំណោមតម្រូវការពីរសម្រាប់ក្រុមហ៊ុន Total Exxon Mobil Corp និងក្រុមហ៊ុនដៃគូរបស់ពួកគេដើម្បីបន្តគម្រោងធំៗចំនួនពីរទៀត។
ទាំងក្រុមហ៊ុន Totalនិងរដ្ឋាភិបាលមិនបានប្រាប់ពីស្ថានភាពនៃកិច្ចពិភាក្សានោះទេ ប៉ុន្តែដៃគូរបស់ក្រុមហ៊ុន Total ក្នុងគម្រោង Papua LNGគឺក្រុមហ៊ុន Oil Search Ltdបានលើកឡើងថា ក្រុមហ៊ុនជឿជាក់លើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយលោក Peter O’Neill ដែលជាអ្នកកាន់តំណែងមុនលោក Marape។
មេដឹកនាំបក្សប្រឆាំងដដែលនេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា “ការលុបកិច្ចព្រមព្រៀង Papua LNG ដែលបានចុះហត្ថលេខានៅខែមេសានឹងបង្កអន្តរាយដល់ចក្ខុវិស័យសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេស PNG ថែមទាំងធ្វើឱ្យកេរ្តិ៍ដំណែលរបស់រដ្ឋាភិបាលលោក O’Neill នៃការធ្លាក់ចុះតម្លៃប្រាក់ឈ្នួលនិងកម្រិតការងារត្រូវបន្តជាប់បែបនេះរហូតជាមិនខាន”។
នាយកគ្រប់គ្រងក្រុមហ៊ុន Oil Search លោក Peter Botten បានឱ្យដឹងនៅថ្ងៃទី២០ សីហានេះថា ភាគីទាំងអស់មានគោលបំណងបញ្ចប់ការពិភាក្សាគ្នានៅចុងខែនេះ ខណៈគម្រោង Papua LNG បានរៀបចំការដេញថ្លៃពីអ្នកម៉ៅការដើម្បីធ្វើការវិស្វកម្ម និងរចនាប្លង់បឋម។ ប៉ុន្តែការដេញថ្លៃទាំងនោះនឹងត្រូវផុតកំណត់នៅខែកញ្ញាខាងមុខ៕