ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហេីយ លោក តាន់ គីមសួរ ដែលជាបុគ្គលដ៏គំរូម្នាក់នៅក្នុងសង្គម និងជាផលិតករទីមួយ ដែលផលិតវីដេអូពន្ញាក់អារម្មណ៍នៅក្នុងស្រុកខ្មែរ ដែលរាល់វីដេអូនីមួយៗគឺធ្វើឡេីងក្នុងន័យអប់រំ ដោយទទួលបាននូវការគាំទ្រពីមហាជនជាច្រើន។
បន្ថែមពីនេះ លោក តាន់ គីមសួរ ក៏តែងតែបង្ហាញពីទស្សនៈ និងការឈឺឆ្អាលរឿងរ៉ាវក្នុងសង្គមនានា ហើយថែមទាំងបាន បង្ហាញពីទង្វើ ក្នុងការចូលរួមជាកំលាំង និងថវិកា ចំពោះកិច្ចការងារសប្បុរសធម៌ជាច្រើន ដោយមិនគិត និងទទួលបានផលប្រយោជន៍ពីអំពើទាំងអស់នោះមកវិញសូម្បីតែបន្តិចនោះឡេីយ ពិតជាគួរឲ្យកោតសរសើរណាស់។
ទន្ទឹមនឹងនេះដែរ នៅរសៀលថ្ងៃអាទិត្យនេះដែរ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក តាន់ គីមសួរ មានបំណងចង់ចូលរួមចំណែកជួយដល់ប្រជាជននៅតំបន់ឱរ៉ាល់ តាមរយៈការបង្កើតព្រៃផ្កាក្ងោក ដេីម្បីប្រែក្លាយតំបន់នោះជាតំបន់ទេសចរណ៍ ក្នុងនោះលោក តាន់ គីមសួរ បានមានការលេីកឡេីងឲ្យដឹងថា៖ ”ឥឡូវនេះ ខ្ញុំរកបានគ្រាប់ពូជផ្កាក្ងោកជិត២០០០គ្រាប់ហើយ រំខានបងប្អូនជួយរើសទុកឲ្យខ្ញុំចំនួន៨០០០គ្រាប់ទៀតបានទេ? ពួកយើងមានគម្រោងបង្កើតព្រៃផ្កាក្ងោកនៅតំបន់ឱរ៉ាល់ ដើម្បីទាក់ទាញទេសចរណ៍ ផ្តល់ចំណូលល្អដល់ប្រជាជននៅតំបន់នោះ នឹងអាចចូលរួមចំណែកបន្តិចបន្តួចក្នុងការបញ្ឈប់ការចូលព្រៃកាប់ឈើ”។