នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ ,ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនីជិត៤ពាន់នាក់ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះឤជ្ញាធរដែនដី រាជធានី-ខេត្ត ដែលបានផ្តល់ការ គាំទ្រតាមរយៈគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមសិល្បៈយុវជនទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យនីមួយៗសរុប ៧២៥ នាក់ បានចូលរួមប្រកួតប្រជែងស្នាដៃសិល្បៈនិងចំណេះដឹងផ្នែកវប្បធម៌ ហើយក៏សូមចូលរួមអបអរសាទរចំពោះ ក្មួយៗ ដែលទទួលបាន ជ័យលាភីពីកម្មវិធីប្រកួតប្រជែងក្នុង «មហោស្រព សិល្បៈ យុវជនទូទាំងប្រទេសឆ្នាំទី ៦» និងក្នុង «កម្មវិធី ប្រកួតប្រជែងសមត្ថភាពចំណេះដឹងផ្នែកវប្បធម៌»នៅពេលនេះ ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់កិត្តិយសបំផុតជូនលោក ចាន់ មករា ម្ចាស់បទ”ចាបយំល្វើយៗ” ឡើងជូនផ្កាលើវេទិកាផងដែរ ឥឡូវនេះគាត់កំពុងតែភ័យញ័រដោយសាររំភើបពេក។ នេះបេីយោងតាមការបញ្ជាក់ឲ្យដឹងពីលោក ហេង ឡុង ប្រធានសមាគមសិល្បករខ្មែរ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅមុននេះបន្តិច។
មុននឹងបិទកម្មវិធី សម្តេចតេជោ នាយករដ្ឋមន្រ្តី បានផ្តល់កិត្តិយសជូនបណ្ណសរសើរដល់មន្រ្តីមានស្នាដៃមួយចំនួនដែលបានចូលរួមចំណែកក្នុងការថែរក្សា និងអភិរក្សសម្បត្តិវប្បធម៌ជាតិកន្លងមក និងបានប្រគល់ពានរង្វាន់ដល់ក្មួយៗជ័យលាភីដែលមានស្នាដៃសិល្បៈឆ្នើមមកពីទូទាំងប្រទេស និងអញ្ជើញពិសារអាហារសាមគ្គីជាមួយសិល្បៈករ សិល្បៈការិនីក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយបំផុត៕