Google បង្ហាញ​ករណី Hack ទូរ​ស័ព្ទ iPhone រាប់​ឆ្នាំ​មកហើយ

ក្រុម​អ្នក​ជំនាញ​សន្តិសុខ​របស់​ក្រុមហ៊ុន Google បាន​រកឃើញ​ប្រតិបត្តិការ Hack ដោយ​មិន​រើសមុខ​ដែល​បានកំណត់​គោលដៅ​លើ​ទូរស័ព្ទ iPhone​ទាំងអស់​ក្នុង​រយៈពេល​យ៉ាងតិច​២ ឆ្នាំ និង​បាន​ប្រើប្រាស់​វេ​ប​សាយ​ផ្សេងៗ​បញ្ចូល​កម្មវិធី​ទុច្ចរិត​ដើម្បី​ចូល​ប្រើ​រូបថត ទីតាំង​អ្នកប្រើប្រាស់ និង​ទិន្នន័យ​ផ្សេងទៀត។

ក្នុងការ​ប្រកាស​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅលើ Blog របស់​ក្រុមការងារ​សន្តិសុខ​គម្រោង Zero​របស់ Google អ្នកជំនាញ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មិនបាន​ប្រាប់​ឈ្មោះ​បណ្ដា​វិ​ប​សាយ​ដែលជា​កន្លែង​បើក​ឱ្យមាន​ការវាយប្រហារ​នោះទេ ប៉ុន្តែ​បាន​ប៉ាន់​ស្មានថា វិ​ប​សាយ​ទាំងនោះ​ទទួលបាន​អ្នក​ចូល​មើល​រាប់ពាន់នាក់​ក្នុង​មួយ​សប្តាហ៍។

លោកស្រី​Ian Beer ប្រធាន​គម្រោង Zero បាន​លើកឡើងថា “​ការចូល​មើល​វិ​ប​សាយ Hack​គឺ​គ្រប់គ្រាន់​សម្រាប់​ឱ្យ Server​មេ​របស់​វិ​ប​សាយ​ទាំងនោះ​វាយប្រហារ​ទូរ​សព្ទ​រប​ស់​អ្នក ហើយ​ប្រសិនបើ​វា​ធ្វើបាន​ជោគជ័យ វា​នឹង​ដំឡើង​ឧបករណ៍​ត្រួតពិនិត្យ​លើ​ទូរ​សព្ទ​នោះ​ជា​មិន”។

លោកស្រី​បាន​និយាយថា ពេល​ដំឡើង​រួចហើយ កម្មវិធី​ទុច្ចរិត​នោះ​ផ្តោត​សំខាន់​លើ​ការ​លួច​ឯកសារ និង​ផ្ទុក​ទិន្នន័យ​ទីតាំង​ភ្លាមៗ”។ លោកស្រី​ក៏បាន​បន្ថែមទៀតថា វា​អាច​ចូល​ប្រើ​កម្មវិធី​ផ្ញើ​សារ​ដែល​ត្រូវការ​លេខ​សម្ងាត់​ដូចជា Telegram, WhatsApp និង iMessage ទៀតផង។

គោលដៅ​ដែល​ងាយ​រងគ្រោះ​បំផុត​ភាគច្រើន​ត្រូវបាន​គេ​រកឃើញ​ក្នុង​កម្មវិធី Web Browser​ដែល​ជាប់​ជាមួយ​ទូរ​សព្ទ iPhone ស្រាប់​គឺ Safari និង​បាន​បន្ថែមថា​ក្រុមការងារ​គម្រោង Zero បាន​រកឃើញ​ទូរ​សព្ទ​នោះ​ស្ទើរតែ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់ពី iOS 10 រហូតដល់​ជំនាន់ iOS 12 បច្ចុប្បន្ន។

លោកស្រី Beer បាន​និយាយថា Google បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន Apple អំពី​ការវាយប្រហារ​កាលពី​ខែកុម្ភៈ ហើយ Apple​ក៏បាន​បញ្ចេញ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 12.1​រួចហើយ​ដែរ៕

Related posts

Leave a Comment