សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ

ភ្នំពេញ ៖ ប្រិយមិត្តជាទីមេត្រីនៅព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ ក្នុងនោះនារី ៦១៦នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។

ថ្លែងនៅក្នុងនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់កើត ឬឆ្លងជម្ងឺ Covid-19 នោះឡើយ។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី នៅតែបន្តអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ ព័ត៌មិនពិត(Fake News)ដែលបានផ្សព្វផ្សាយបំពុលសង្គមពីការឆ្លងជំងឺនេះ។ កម្ពុជាបានតាមដាន និងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាជំងឺនេះ តាមរយៈក្រសួងសុខាភិបាល។

តែទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី សូមអោយប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែទាំសុខភាពខ្លួនឯង ជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ មួយផ្នែកទៀតទប់ទល់នឹងឥទ្ធិពលនៃជំងឺកូវិត-១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមានខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុក អោយបានច្រើនបន្ថែមទៀត ជាពិសេសផ្នែកនៃការផ្តល់សេវា ដូចជាវិស័យទេសចរណ៍ ដែលមានដូចជាតំបន់ទេសចរណ៍ទាក់ទាញនានា, ភោជនីយដ្ឋាន និងសណ្ឋាគារនានា ត្រូវជំរុញការទាក់ទាញភ្ញៀវបន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ចក្នុងស្រុក និងរក្សាការងារដល់ពលរដ្ឋយើង។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ បន្ទាប់មក សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្នុងបរិយាកាសស្និតស្នាល និងរីករាយជាទីបំផុត៕ ដកស្រង់ពីផេក Samdech Hun Sen, Cambodian Prime Minister

Related posts

Leave a Comment