មន្ត្រីអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់បាននិយាយថា កងកម្លាំងតាលីបង់បានវាយប្រហារទីក្រុង Kunduz ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍ ទោះបីសហរដ្ឋអាមេរិក និងក្រុមឥស្លាមនិយមហាក់ដូចជាជិតបញ្ចប់កិច្ចព្រមព្រៀងដើម្បីដកកងទ័ពអាមេរិកក៏ដោយ។
ការប្រយុទ្ធគ្នាយ៉ាងខ្លាំង បាននិងកំពុងបន្តកើតមាននៅក្នុងទីក្រុង Kunduz បន្ទាប់ពីយុទ្ធជនតាលីបង់បានបង្កើនការវាយប្រហារពីទិសដៅជាច្រើនកាលពីយប់ថ្ងៃសុក្រដោយបង្ខំឲ្យកងកម្លាំងអាហ្វហ្គានីស្ថានសងសឹក និងពង្រឹងសុវត្ថិភាពបន្ថែមដើម្បីការពារក្រុមបះបោរពីការកាន់កាប់លើផ្នែកខ្លះនៃទីក្រុង។
អគ្គិសនី និងសេវាទូរស័ព្ទភាគច្រើនត្រូវបានកាត់ផ្តាច់ ហើយអ្នកស្រុកកំពុងជ្រកកោននៅក្នុងផ្ទះរបស់ពួកគេ។ អ្នកស្រុក Khaluddin ជាច្រើនបាននិយាយថា “ទីក្រុងនេះគឺទទេរទាំងស្រុង ហាងនានាត្រូវបានចាក់សោរ ប្រជាជនមិនអាចទៅណាបាន ហើយអាវុធធុនធ្ងន់ក៏អាចត្រូវបានគេឮផងដែរនៅផ្នែកជាច្រើននៃទីក្រុង”។ មន្ត្រីរដ្ឋាភិបាលនៅទីក្រុង Kunduz និងក្រុងកាប៊ុលបាននិយាយថា ពួកតាលីបង់កំពុងស្វែងរកទីជម្រកនៅតាមផ្ទះដែលធ្វើឲ្យកងទ័ពអាហ្វហ្គានីស្ថាន និងសហរដ្ឋអាមេរិកមិនអាចធ្វើការវាយប្រហារតាមអាកាសបាន ហើយអ្នកប្រយុទ្ធមួយចំនួនបានចូលមន្ទីរពេទ្យសំខាន់ៗក្នុងទីក្រុង។
ក្រសួងមហាផ្ទៃបាននិយាយថា ក្រុមឧទ្ទាមតាលីបង់យ៉ាងតិច ៣៤ នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការផ្លូវគោក និងផ្លូវអាកាសនៅក្នុងតំបន់ចំនួន ៣ នៃទីក្រុង Kunduz ហើយប្រតិបត្តិការបោសសំអាតកំពុងដំណើរការផងដែរ។ អ្នកនាំពាក្យរបសស់ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បាននិយាយថា “កងកម្លាំងសន្តិសុខកំពុងតបតការវាយប្រហាររបស់ពួកតាលីបង់ទៅលើផ្នែកខ្លះនៃទីក្រុង Kunduz ហើយអាទិភាពចម្បងរបស់ពួកគេគឺដើម្បីការពារជនស៊ីវិល”។
អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានបញ្ជាក់ពីការវាយប្រហារទៅលើទីក្រុង Kunduz។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកក្រុមបះបោរបានគ្រប់គ្រងបីដងដើម្បីរឹបអូសយកផ្នែកជាច្រើននៃតំបន់ជុំវិញទីក្រុងមុនពេល ត្រូវបានបណ្តេញចេញ បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនថ្ងៃជាមួយកងកម្លាំងអាហ្វហ្គានីស្ថាន និងការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយកងកម្លាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា ការប្រយុទ្ធគ្នានៅទីក្រុង Kunduz បានកើតឡើង ខណៈដែលមានការកើនឡើងនៃការរំពឹងទុក ដែលថា អ្នកចរចាអាមេរិក និងតាលីបង់នៅទីក្រុង Doha ជិតនឹងទទួលបានកិច្ចព្រមព្រៀងមួយដែលនឹងឃើញកាលវិភាគសម្រាប់ការដកកងទ័ពសហរដ្ឋអាមេរិករាប់ពាន់នាក់៕