មិនចេះហត់នឿយ! ឮថាប្រជាពលរដ្ឋ ក្នុងភូមិក្រីក្រជាងគេមួយ ក្នុងស្រុកបន្ទាយស្រី កំពុងជួបបញ្ហាខ្វះទឹកធ្ងន់ធ្ងរ អភិបាលស្រុកវ័យក្មេង ​ស្រុកបន្ទាយស្រី ខំស្វះស្វែងរកជំនួយទាល់តែបានអណ្តូងទឹក និងជីកស្រះទឹកជូន

ថ្មីៗនេះទៀតហើយ គេប្រទះឃើញ លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ​ស្រុកបន្ទាយស្រី ដែលគេលាន់មាត់សរសេីរគ្រប់គ្នាពីការងារមិនចេះហត់នឿយរបស់លោក​ ខំស្វះស្វែងរកជំនួយទាល់តែបានអណ្តូងទឹក និងជីកស្រះទឹកជូន។ លោកក៏បានបញ្ជាក់បន្ថែមនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា៖

“ត្រពាំងថ្ម៖ ភូមិក្រីក្រជាងគេមួយក្នុងស្រុកបន្ទាយស្រី ដែលកំពុងជួបបញ្ហាខ្វះទឹកធ្ងន់ធ្ងរ ទទួលបានជំនួយជាអណ្តូងទឹកស្អាត និងស្រះទឹក ដើម្បីដោះស្រាយការលំបាករបស់អ្នកភូមិ។

ប្រជាជនភាគច្រើននៅក្នុងភូមិនេះគ្មានមុខរបរច្បាស់លាស់ ហេដ្ឋារចនាសម្ព័ន្ធនៅខ្យោយ និងតំបន់ខ្លះអាចនៅបន្សល់គ្រាប់មីនមិនទាន់ផ្ទុះផងដែរ ដោយហេតុតែនៅទីនេះគឺជាអតីតសមរភូមិក្តៅ។ កន្លងមករដ្ឋបាលស្រុកនិងឃុំបានប្រើប្រាស់ថវិកាអភិវឌ្ឍន៍របស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ ដើម្បីតភ្ជាប់ប្រជាពលរដ្ឋនៅក្នុងភូមិចូលទៅក្នុងចរន្តសេដ្ឋកិច្ចរបស់ស្រុក ប៉ុន្តែគម្លាតជីវភាពនៅតែឆ្ងាយគ្នាណាស់។

តែអ្វីដែលរឹតតែលំបាកនោះគឺតំបន់នេះគ្មានប្រភពទឹកទាល់តែសោះក្រៅពីទឹកភ្លៀង ហើយការខ្វះខាតទឹកនៅទីនេះ ធ្លាប់មានដល់កម្រិតធ្ងន់ធ្ងរខ្លាំង រហូតត្រូវដឹកជញ្ជូនទឹកជូនកាលពីឆ្នាំ២០១៥។ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំស្ដីពីការចាត់វិធានការថែរក្សាទឹកទុក និងកំណត់ពីហនិភ័យនៃគ្រោះរាំងស្ងួត ត្រពាំងថ្មបានក្លាយទៅជាភូមិដែលប្រឈមនិងងាយរងគ្រោះខ្លាំងជាងគេ ដែលទាមទារអោយមានការយកចិត្តទុកដាក់និងអន្តរាគមន៍ជាពិសេសមួយ។

ខ្ញុំសូមថ្លែងអំណរគុណដល់ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដែលបានជួយ និងសម្ភោធដាក់អោយប្រើប្រាស់អណ្តូងទឹកស្អាតចំនួន៤។ អង្គការ Peaceland ដែលមានប្រតិបត្តិការជួយរុករកគ្រាប់មិនទាន់ផ្ទុះនៅក្នុងភូមិនេះ ក៏បានជួយឧបត្ថម្ភជាស្រះទឹកដ៏ធំមួយផងដែរ។ ខ្ញុំក៏បានយកឱកាសនេះផ្សព្វផ្សាយពីយុទ្ធនាការ«ផ្ទះ១អំពូល១» និងសន្យាយកអំពូលសូឡាមកបំពាក់ជូនគ្រប់ៗផ្ទះអោយបានឆាប់បំផុត ព្រោះនៅភូមិនេះមិនទាន់មានបណ្តាញតភា្ជប់អគ្គីសនីមកដល់នៅឡើយទេ។

ដំណោះស្រាយដែលឆ្លើយតបចំតម្រូវការចាំបាច់បែបនេះនឹងជួយសម្រាលពិតប្រាកដដល់ការលំបាករបស់ប្រជាពលរដ្ឋមួយកម្រិតធំ ហើយរដ្ឋបាលស្រុកនឹងបន្តស្វែងរកជំនួយ និងដំណោះស្រាយជួយភូមិដែលក្រីក្រខ្លាំងមួយនេះបន្ថែមទៀត។”៕

Related posts

Leave a Comment